Feature

UNIDO បង្ហាញពីការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវផ្នែកនិរន្តរភាព និងអនុលោមភាព ក្នុងទីផ្សារនាំចេញសំខាន់ៗ របស់កម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ការសិក្សាបឋមរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) បានបង្ហាញពីការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវផ្នែកនិរន្តរភាព និងអនុលោមភាព នៅក្នុងទីផ្សារនាំចេញសំខាន់ៗ ដែលនឹងទាមទារកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជួយឱ្យ «ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ» របស់កម្ពុជារក្សាបាននូវភាពប្រកួតប្រជែង។

គណៈប្រតិភូអង្គការ UNIDO បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាស្តីពីការវេចខ្ចប់ប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចចក្រាក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ របស់កម្ពុជា ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ការសិក្សាបានបង្ហាញពីការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវក្នុងទីផ្សារសំខាន់ៗ ជាពិសេសទីផ្សារសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ដែលក្រុមហ៊ុនបញ្ជាទិញកំពុងទាមទារកាន់តែខ្លាំងឡើងនូវភាពអាចតាមដានបាននៃខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រើប្រាស់វត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងភាពអនុលោមតាមស្តង់ដាបរិស្ថាន។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានស្វាគមន៍លទ្ធផលនៃការសិក្សានេះ និងស្នើឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល សមាគមឧស្សាហកម្ម រោងចក្រផលិត ក្រុមហ៊ុនបញ្ជាទិញ និងដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសទីផ្សារ។

លោក បានលើកឡើងថា «គោលបំណងរបស់ក្រសួង គឺកសាងសម្ព័ន្ធភាពដ៏មានប្រសិទ្ធិភាពមួយ។ ប្រសិនបើភាគីពាក់ព័ន្ធអាចឯកភាពគ្នាលើបញ្ហាប្រឈម និងកាលានុវត្តភាពនានាដែលវិស័យឧស្សាហកម្មនឹងត្រូវជម្នះនាពេលខាងមុខ យើងអាចដាក់ចេញនូវវិធានការជាក់ស្តែង ដែលពង្រឹងទាំងភាពអនុលោម និងភាពប្រកួតប្រជែងនៃឧស្សាហកម្ម»។

លោករដ្ឋមន្ត្រី បានស្នើឱ្យរៀបចំវេទិកាពិសេសមួយរវាងស្ថាប័នរដ្ឋ តំណាងឧស្សាហកម្ម ក្រុមហ៊ុនបញ្ជាទិញ រោងចក្រផលិត និងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ព្រមទាំងកំណត់អាទិភាពសកម្មភាព និងរៀបចំផែនទីបង្ហាញផ្លូវរួមមួយ សម្រាប់ពង្រឹងការត្រៀមលក្ខណៈនៃវិស័យដែលជាក្បាលម៉ាស៊ីននាំចេញរបស់កម្ពុជានេះ។

លោក ក៏បានលើកឡើងពីភាពចាំបាច់នៃការជួយជ្រោមជ្រែងឱ្យសហគ្រាសក្នុងស្រុក អាចយល់ដឹងអំពីការផ្លាស់ប្តូរតម្រូវការទីផ្សារនាពេលអនាគត និងឱកាសអាជីវកម្មថ្មីៗ ដែលកើតចេញពីការផ្លាស់ប្តូរទាំងនេះ ជាពិសេសក្នុងការវេចខ្ចប់ប្រកបដោយនិរន្តរភាព ការកែច្នៃឡើងវិញ និងប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានក្នុងឧស្សាហកម្ម។

To Top