សម្តេចតេជោ ឱ្យពិចារណា ក្នុងការដកហូតទ្រព្យសម្បត្តិ អ្នកនាំទំនិញថៃ ចូលប្រទេសដោយខុសច្បាប់ និងឱ្យទៅធ្វើពលកម្ម ជីកត្រង់សេឱ្យធ្ងន់ធ្ងរ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានឱ្យពិចារណា ក្នុងការដកហូតទ្រព្យសម្បត្តិចំពោះជនទាំងឡាយណា ដែលនាំចូលទំនិញថៃ មកក្នុងប្រទេសដោយខុសច្បាប់ ដោយឱ្យទៅធ្វើពលកម្ម តាមរយៈជីកលេណដ្ឋានឱ្យធ្ងន់ធ្ងរ ។
ការថ្លែងរបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទីខាងលើនេះ ធ្វើឡើងក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹក ចំនួន ២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ។
ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា ចំពោះការបិទ ឬបើកព្រំដែន គឺជាការសម្រេចចិត្ត របស់ថ្នាក់ដឹកនាំប្រទេសថៃ ហើយកម្ពុជា ក៏មានសិទ្ធិក្នុងការឆ្លើយតបទៅវិញ ដោយមិនខ្វល់ថាចង់បិទរយៈពេល១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ដោយ ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ការដោះស្រាយដោយសន្តិវិធី ជុំវិញបញ្ហាព្រំដែន ទើបជាការដោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ឱ្យទាំងសងខាង និងបង្កើតបាននូវជំនឿទុកចិត្ត ដោយយើងមិនអាចរស់នៅជិតខាងគ្នា ធ្វើជាសត្រូវជាមួយគ្នា អស់មួយជីវិតនោះទេ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “តែខ្ញុំសូមប្រដៅ អាអ្នកនាំទំនិញ ខាងនោះគេថា រត់ពន្ធទំនិញពីនោះមក ឯខាងយើង មើលតាមទល់ដែនទាំងឡាយ ដាក់ពួកអាអ្នកនាំទំនិញចូលមកដែលខុសច្បាប់នោះ ដាក់វាមើល រឹបអូសស្អីៗ ហើយឱ្យវាទៅរែកដី លេងចឹងមើល ក្រែងរាល់ថ្ងៃយើងមានទឹកសុទ្ធ របស់យើង យើងមានស្អីរបស់យើងអស់ហើយ ហើយទៅប្រកាច់យកស្អី ហើយជួនកាលមកសុទ្ធតែចង្គង់មាន់ អាគេមិនស៊ីជើងមាន់ ឯងមកយកជើងមាន់មកឱ្យខ្មែរស៊ី ចឹងមើលអាណា និយាយពាក្យអាណា មីណាចឹងម៉ង ព្រោះកុំតែថាអាណាវាប៉ះប្រុស វាមានមីណាទៀត ដកហូតទ្រព្យសម្បត្តិវា ឱ្យវាទៅជីកត្រង់សេ ជីកស្អីពលកម្មឱ្យវាធ្ងន់មើល តើវាអត់មិនបានវាស្អី ខាងនុះវាថាយើងខ្វះទំនិញ ហើយយើងខ្វះទំនិញពីកាល ១ឆ្នាំជាងហើយ ល្មមដឹងថា ខ្មែរមានលទ្ធភាពគ្រប់គ្រាន់ផ្គត់ផ្គង់ទំនិញខ្លួនឯង”៕
