Feature

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ និទ្ទេសមិនកំណត់វាសនា ឬជោគជ័យក្នុងអាជីពអនាគត របស់សិស្សទេ

កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់សិស្សថ្នាក់ទី១២ ថា និទ្ទេសមិនកំណត់វាសនា ឬជោគជ័យ ក្នុងអាជីពអនាគតរបស់ក្មួយៗទេ សំខាន់បំផុត គឺត្រូវបន្តយកចិត្តទុកដាក់សិក្សានៅកម្រិតបន្តបន្ទាប់ទៀត។

ការលើកទឹកចិត្តរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជួបសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាមជីកង ក៏ដូចជា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងមាតាបិតា ចំពោះកិច្ចសហការដ៏ល្អក្នុងការជំរុញឱ្យវិទ្យាល័យមួយនេះកាន់តែរីកចម្រើន និងទទួលបានលទ្ធផលសិក្សាល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

បន្ទាប់ពីសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពនៃការត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខរួចមក លោក ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្មួយៗសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រឡងទាំងអស់ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយត្រូវចេះសង្ខេបមេរៀន បន្តមើលមេរៀនឱ្យយល់ច្បាស់ទើបចងចាំបានយូរ បន្តអនុវត្តលំហាត់ឱ្យបានច្រើនដោយប្រើប្រាស់សៀវភៅជំនួយត្រៀមប្រឡងដែលផ្ដល់ជូននាឱកាសនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ត្រូវបង្កើតទម្លាប់រៀនសូត្រច្បាស់លាស់ ពង្រឹងសមត្ថភាពភាសាបរទេស និងចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពឆ្លាតវៃ ដើម្បីជួយដល់ការរៀនសូត្រឱ្យកាន់តែល្អប្រសើរ។

លោកឧបនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាង មុតមាំថា «ក្មួយៗទាំងអស់នឹងទទួលបានជោគជ័យក្នុងការប្រឡង ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀន សូត្ររបស់ខ្លួន ជាពិសេសទទួលបាននិទ្ទេសដែលខ្លួនប្រាថ្នាចង់បាន»។ យ៉ាងណាមិញ លោក ថា «សូមចងចាំថា និទ្ទេសមិនកំណត់វាសនា ឬជោគជ័យក្នុងអាជីព អនាគតរបស់ក្មួយៗទេ សំខាន់បំផុតគឺត្រូវបន្តយកចិត្តទុកដាក់ សិក្សានៅកម្រិតបន្តបន្ទាប់ទៀត ត្រូវប្រាកដថាក្មួយៗ បានចាប់យកជំនាញ សិក្សាដែលខ្លួនស្រឡាញ់ រៀនឱ្យចេះច្បាស់ និងអាចប្រើប្រាស់ចំណេះដឹង ជំនាញ របស់ខ្លួនបម្រើដល់សង្គមជាតិ»៕

To Top