ក្រសួងការងារ និងដៃគូពាក់ព័ន្ធពង្រីកយុទ្ធនាការ ប្រឆាំងពលកម្មកុមារ និងលើកកម្ពស់ការងារសមរម្យ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រីកយុទ្ធនាការចុះផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង» ចាប់តាំងពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២៦ ដល់បណ្ដារាជធានី ខេត្ត នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងមន្ទីរការងារ និងបណ្ដុះបណ្ដាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន តាមរយៈការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផ្ទាល់ដល់បណ្តា សិប្បកម្មផលិតឥដ្ឋ-ក្បឿង និងសហគ្រាស កសិ-ឧស្សាហកម្ម ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។

ដោយអនុលោមតាមសេចក្ដីថ្លែងការណ៍របស់សន្និសិទសកលលើកទី៦ ស្តីពីការលុបបំបាត់ពលកម្មកុមារដែលប្រារព្ធឡើងនៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក ក្រសួងការងារ បន្តប្តេជ្ញាចិត្តកម្រិតខ្ពស់ក្នុងកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ និងភាគីពាក់ព័ន្ធ សំដៅលើកកម្ពស់ការងារសមរម្យ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ “មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ”។

យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងដាស់ស្មារតី និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃពលកម្មកុមារឱ្យកាន់តែទូលំទូលាយ ព្រមទាំងបំផុសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការឃ្លាំមើល និងរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យ។ ក្នុងនោះដែរ ក្រសួងការងារ ក៏បានជំរុញយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរដែនដី សហគមន៍សិប្បកម្ម និងផ្នែកកសិ-ឧស្សាហកម្ម ត្រូវរួមដៃគ្នាទប់ស្កាត់ និងលុបបំបាត់ឱ្យបានដាច់ខាត នូវរាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ និងការការពារសិទ្ធិកុមារយ៉ាងពិតប្រាកដ។

ទន្ទឹមនឹងការអនុវត្តយុទ្ធនាការនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញនូវវិធានការណែនាំដល់ម្ចាស់សហគ្រាស និងនិយោជកទាំងអស់ ឱ្យបំពេញកាតព្វកិច្ចចុះបញ្ជិកាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនដល់បងប្អូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការគាំពារសង្គម។ លើសពីនេះនិយោជកត្រូវតែរួសរាន់ចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ឱ្យបានត្រឹមត្រូវតាមការកំណត់ផងដែរ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ក្នុងករណីបានជួបប្រទះ ឬមានការសង្ស័យលើការប្រើប្រាស់ពលកម្មកុមារខុសច្បាប់ សូមរាយការណ៍ឱ្យបានលឿនបំផុតតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ Hotline ១២៩៧ ឬ ១២៨៦ ឬតាមប្រអប់បណ្តឹងអនាមិក ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង អាចចុះចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់បានទាន់ពេលវេលា៕






