Feature

កម្ពុជា-វៀតណាម ដាក់ចេញទិសដៅ ការងាររួម ជំរុញនិងបង្កើនលំហូរភ្ញៀវទេសចរ ទៅវិញទៅមក និងពីប្រទេសទីបី

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍វៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នា​ ដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី ។

ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Lam Thi Phoung Thanh រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍វៀតណាម ។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានសម្តែងនូវការអបអរសាទរ​ ចំពោះលោកស្រី Lam Thi Phoung Thanh ដែលត្រូវបានតែងតាំង ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកស្រីរដ្ឋមន្រ្តី កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ នឹងរឹតតែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ក្នុងជំនួបដ៏សំខាន់នេះ រដ្ឋមន្រ្តីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងទស្សនៈស៊ីជម្រៅ លើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុលោមតាមស្មារតី នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០២៣ ដោយបានឯកភាពលើផែនការ សកម្មភាពការងារសំខាន់ៗ៖

១. ជំរុញការតភ្ជាប់ទេសចរណ៍ តាមគ្រប់មធ្យោបាយ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបន្ថែមទៀត ជាពិសេស ឯកភាពក្នុងការតភ្ជាប់ខ្សែនាវាចរណ៍ តាមសមុទ្ររវាងកំពង់ផែអន្តរជាតិកោះភូកួក និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងទេសចរណ៍តាមនាវា តាមបណ្តោយទន្លេមេគង្គ នៃប្រទេសទាំងពីរ ដោយភ្ជាប់ពីទីក្រុងហូជីមិញ មករាជធានីភ្នំពេញ និងខេត្តសៀមរាប និងអាចភ្ជាប់ទៅប្រទេសឡាវ នាពេលអនាគត ដើម្បីជំរុញកំណើនទេសចរ រវាងប្រទេសទាំងពីរ និងពីប្រទេសទី៣
២. ជំរុញរៀបចំព្រឹត្តិការណ៍ ទេសចរណ៍រួមគ្នា នៅតាមបណ្តាខេត្តជាប់ព្រំដែន រវាងប្រទេសទាំងពីរ រួមមាន៖ វេទិកាវិនិយោគទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ វេទិកាទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍កីឡា
៣. ជំរុញតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ រវាងប្រទេសទាំងពីរ ដោយជំរុញកិច្ចសហការរវាងផ្នែកឯកជន ក្នុងការរៀបចំកញ្ចប់ទេសចរណ៍រួម ជាពិសេសការរៀបចំកញ្ចប់ទេសចរណ៍ ទៅគោលដៅទេសចរណ៍បន្ទាប់បន្សំ (Secondary Destination) ដើម្បីបង្កើនរយៈពេលស្នាក់នៅ របស់ទេសចរក្នុងប្រទេសទាំងពីរ ក៏ដូចជាការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍រួមគ្នា
៤. បង្កើនកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដោយផ្លាស់ប្តូរការបណ្តុះបណ្តាលទេសចរណ៍ ក្នុងប្រទេសទាំងពីរ ដោយប្រទេសទាំងពីរមានគ្រឹះស្ថានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ និងមានភាពឈានមុខ ក្នុងផ្នែកបដិសណ្ឋារកិច្ច
៥. ជំរុញរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ច ស្វែងយល់សម្រាប់ Influnencers និងផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីអាចមកស្វែងយល់ពីសក្តានុពលដ៏សម្បូរបែប និងបន្តផ្សព្វផ្សាយដល់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាប្រទេសទីបី។

ដើម្បីជំរុញអនុវត្តនូវផែនការ ដែលបានដាក់ចេញខាងលើ ឱ្យបានជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព ក្រុមការងារបច្ចេកទេស ត្រូវបានចាត់តាំង ដើម្បីតាមដានការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងគ្រោងបន្តពិនិត្យវឌ្ឍនភាព នាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ អំឡុងពេលនៃពិព័រណ៍ទេសចរណ៍អន្តរជាតិ ទីក្រុងហូជីមិញ (ITE-HCMC) ក្នុងខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញខាងមុខ៕

To Top