ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ពេលនេះ អន្តរជាតិគ្មាននរណាជឿថា «កម្ពុជាទៅឈ្លានពានថៃនោះទេ»

សៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានថ្លែងប្រកាសថា មកដល់ពេលនេះ អន្តរជាតិគ្មាននរណាជឿថា «កម្ពុជា ទៅឈ្លានពានថៃនោះទេ»។

ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើប្រាស់កម្លាំងដោះស្រាយបញ្ហាព្រំដែន គឺមិនមែនជាជម្រើសរបស់កម្ពុជានោះទេ ដូច្នេះផ្ដាំទៅកាន់អ្នកសារព័ត៌មានថៃ ដែលផ្សព្វផ្សាយមិនពិត បង្កើតការយល់ច្រឡំ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ បាននិយាយថា បើសិនជាប្រើប្រាស់ដំណោះស្រាយយោធា ឧទាហរណ៍ថា យើងវ៉ៃកាន់កាប់ត្រឡប់មកវិញទឹកដីនោះ គ្រាប់ទីមួយ គឺបរាជ័យរបស់កម្ពុជា លើកិច្ចការនយោបាយ និងការទូត អាហ្នឹងជាគ្រាប់ទីមួយដែលចេញ ព្រោះស្អី យើងជាអ្នកបំពានបទឈប់បាញ់ ហើយយើងបំផ្លាញទាំងអស់នូវអ្វីដែលហៅថា ជំនឿទុកចិត្តពីអន្ដរជាតិមកចំពោះយើង»។

សម្ដេចតេជោ បន្ដថា «ក្នុងពេលនេះ អន្ដរជាតិ គ្មានអ្នកណាជឿថា កម្ពុជា ទៅឈ្លានពានថៃទេ អាហ្នឹងនិយាយឱ្យពិត វាគ្មានអាតូច ទៅវ៉ៃអាធំដួលទេ»។

សម្ដេចតេជោ ក៏បានរំលឹកថា កងទ័ពជើងគោកថៃ បានប្រកាសថា ដោយសារកម្ពុជា ទៅនៅលើដីថៃ ៣០ឆ្នាំ ឬ ៤០ឆ្នាំហើយ ដូច្នេះបានជាថៃ ប្រើប្រាសកម្លាំងដើម្បីយកដីត្រឡប់ទៅវិញ ដូច្នេះ បានន័យថា «អ្នកបណ្ដើមគេទេ បានផ្ទុះអាវុធមុន»។

សូមរំលឹកថា សកម្មភាពឈ្លានពានរបស់ថៃចំនួន ២លើក មកលើប្រទេសកម្ពុជា គឺនៅថ្ងៃទី២៤ ខែកក្កដា និងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់ពីទង្វើរំលោភបំពានច្បាប់អន្ដរជាតិទាំងកំរោល៕

To Top