សម្តេចតេជោ ឱ្យមេដឹកនាំ និងអ្នកព័ត៌មានថៃ ត្រូវកែសម្រួលខ្លឹមសារអំពីការផ្សាយប្រសាសន៍សម្តេចខុសពីការពិត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្ញើសារចេញពីទឹកដីកម្ពុជាប្រាប់ទៅអ្នកសារព័ត៌មានថៃមួយចំនួនដែលបានផ្សាយបំផ្លើសខុសពីការពិតរបស់ប្រសាសន៍សម្តេច ត្រូវបើកមើលប្រសាសន៍ដើមរបស់សម្តេចឡើង អំពីការផ្តល់ជម្រើស២លើយន្តការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ហើយក៏ត្រូវកែខ្លឹមសារឡើងវិញ។
សម្តេចតេជោមានប្រសាសន៍ថា “អីចឹងទេខ្ញុំសូមអំពាវនាវក្បាម៉ាស៊ីនថៃកែតម្រូវទៅលើព័ត៌មានដែលខ្លួនចុះផ្សាយ យកពាក្យពេចន៍ខ្ញុំទៅនិយាយឱ្យច្បាស់” ។
ជាមួយគ្នានេះ សម្តេចតេជោបានចោទសួរទៅសារព័ត៌មានថៃថា មានចេតនាយ៉ាងម៉េចចំពោះការផ្សាយប្រសាសន៍សម្តេចខុសពីការពិត ។ សម្តេចតេជោសង្ឃឹមថា មេដឹកនាំថៃនឹងមិនជឿទៅលើព័ត៌មានខ្លួនដែលផ្សាយបែបបំផ្លើសនេះដែរ ៕
