សម្តេចតេជោ ៖ តើមានសំដីណាមួយខ្ញុំនិយាយថា ប្រើទាំងមធ្យោបាយសន្តិវិធីនិងប្រើទាំងកម្លាំងប្រដាប់អាវុធ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ៗថា តើមានសំដីកន្លែងណាមួយដែលសម្តេចនិយាយថា ប្រើទាំងមធ្យោបាយសន្តិវិធីនិងប្រើទាំងកម្លាំងប្រដាប់អាវុធ ដើម្បីដណ្តើមទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ខុសច្បាប់។
ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា អ្នកសារព័ត៌មានថៃ ត្រូវបើកមើលវិដេអូដែលសម្តេចមានប្រសាសន៍កាលពីថ្ងៃ៩ មិថុនា ឡើងវិញអំពីជម្រើស២លើការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ។
សម្តេចតេជោមានប្រសាសន៍ថា “នេះគ្រាន់តែជាការពន្យល់បន្ថែមទេ អ្វីដែលសំខាន់សូមឱ្យអ្នកសារព័ត៌មានថៃបើកមើលវិដេអូហ្នឹងឡើងវិញ ហើយមើលចែកវាឱ្យច្បាស់ខ្ញុំបាននិយាយថា បើសិនជាប្រើប្រាស់មធ្យោបាយយោធា យើងត្រូវវ៉ៃកាន់កាប់នូវទឹកដីនោះ គ្រាប់ទីមួយគឺបរាជ័យររបស់កម្ពុជាលើកិច្ចការនយោបាយនិងការទូតនេះជាគ្រាប់ទី១ ព្រោះអីយើងជាអ្នកបំពានបទឈប់បាញ់ យើងបំផ្លាញទាំងអស់នូវអ្វីដែលហៅថា ជំនឿទុកចិត្តពីអន្តរជាតិមកចំពោះយើង ព្រោះពេលនេះគ្មានអ្នកណាជឿថា កម្ពុជាទៅឈ្លានពានថៃទេ” ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ការប្រើកម្លាំងយោធានឹងបន្តអូសបន្លាយតជំនាន់ នឹងមិនងាយរលត់ទៅវិញឡើយ ។ សម្តេចប្រមុខរដ្ឋស្រ្តីបញ្ជាក់បន្ថែមថា មានតែមធ្យោបាយដោយសន្តិវិធីដោះស្រាយទៅមានចីរភាព។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា “តើមានសំដីណាមួយខ្ញុំនិយាយថា ប្រើទាំងមធ្យោបាយសន្តិវិធីនិងប្រើទាំងកម្លាំងប្រដាប់អាវុធ ។ ខ្ញុំអត់និយាយមួយម៉ាត់ទេ ផ្ទុយទៅវិញខ្ញុំប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំងដើម្បីវ៉ៃកាន់កាប់ត្រឡប់មកវិញ”។
សូមបញ្ជាក់ថា ការមានប្រសាសន៍របស់សម្តេចតេជោបែបនេះ បន្ទាប់ពីសារព័ត៌មានថៃមួយចំនួន បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយជនភៀសសឹកជិត៣ពាន់គ្រួសារ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ៕
