Feature

ប្រធានក្រុមហ៊ុនច្នៃម៉ូដ គ្រឿងអលង្ការកូរ៉េ មានបំណងចង់ពង្រីក ការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោកឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារជាមួយ លោកស្រី Seo Ae Jin ប្រធានក្រុមហ៊ុន និងជាអ្នកច្នៃម៉ូតគ្រឿងអលង្ការរបស់ក្រុមហ៊ុន SUKARF ដើម្បីពិភាក្សាលើគម្រោងចង់ពង្រីក ការវិនិយោគនៅកម្ពុជា ។

លោកស្រី Seo Ae Jin លើកឡើងថា ក្រុមហ៊ុន SUKARF ជាក្រុមហ៊ុនច្នៃម៉ូដគ្រឿងអលង្ការមាស ប្រាក់ និងត្បូងមានតម្លៃរបស់កូរ៉េ ដែលគ្រឿងអលង្ការរបស់ក្រុមហ៊ុនលោកស្រីត្រូវបានជ្រើសរើសធ្វើជាកាដូថ្នាក់ជាតិសម្រាប់ជូនភ្ញៀវកិត្តិយសបរទេសក្នុងព្រឹត្តិការណ៍ និងកម្មវិធីផ្លូវការនានានៅសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃជំនួប លោកស្រីបានជម្រាបឯកអគ្គរាជទូត អំពីបំណងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលោកស្រីក្នុងប្រទេសកម្ពុជា ដោយស្វែងរកក្រុមហ៊ុនដៃគូ ឬរោងចក្រផលិតគ្រឿងអលង្ការនៅកម្ពុជា ដើម្បីបណ្តុះបណ្តាលបច្ចេកទេសផលិត និងច្នៃម៉ូដត្បូងមានតម្លៃរបស់ប្រទេសកម្ពុជា រួចធ្វើការនាំចេញទៅក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានអញ្ជើញស្ថានទូត ចូលរួមកម្មវិធីតាំងពិព័រណ៌គ្រឿងអលង្ការអន្តរជាតិ ក្នុងទីក្រុងសេអ៊ូលនៅខែសីហា ខាងមុខនេះផងដែរ។

ជាការឆ្លើយតប ឯកអគ្គរាជទូតបានសម្តែង ចំណាប់អារម្មណ៍ចំពោះកម្មវិធីពិព័រណ៌គ្រឿងអលង្ការ និងជម្រាបលោកស្រីវិញថា ប្រទេសកម្ពុជាមានគ្រឿងអលង្ការមាស ពេជ្រ និង ត្បូងមានតម្លៃជាច្រើនប្រភេទ ព្រមទាំងអញ្ជើញលោកស្រី ទៅប្រទេសកម្ពុជាដើម្បីជួបពិភាក្សាផ្ទាល់ ជាមួយក្រុមហ៊ុនច្នៃម៉ូដគ្រឿងអលង្ការទាំងនោះ ហើយស្ថានទូតត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសម្របសម្រួលជំនួបរវាងក្រុមហ៊ុនលោកស្រី និងក្រុមហ៊ុនគ្រឿងអលង្ការនៅកម្ពុជា៕

To Top