សម្ដេចធិបតី លើកទឹកចិត្តយុវជន កម្ពុជា-ឡាវ-វៀតណាម បង្កើតយន្តការជួបប្រាស្រ័យទាក់ទងគ្នា ឱ្យបានទៀងទាត់
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តយុវជន កម្ពុជា-ឡាវ-វៀតណាម បង្កើតយន្តការជួបប្រាស្រ័យទាក់ទងគ្នាឱ្យបានទៀងទាត់ ដើម្បីរក្សាសាមគ្គីភាព, មិត្តភាព និងបន្តពូនជ្រំប្រពៃណី នៃការភ្ជាប់ទំនាក់ទំនងល្អប្រសើរ។

ការលើកទឹកចិត្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅរដ្ឋធានីហាណូយ។
ក្នុងឱកាសនៃជំនួបនេះ, លោក លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបពិភាក្សាការងាររវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជន នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ នាពេលថ្មីៗនេះ ដែលក្រុមយុវជន នៃប្រទេសទាំងពីរបានឯកភាពរួមគ្នា រៀបចំព្រឹត្តិការណ៍ និងសកម្មភាពនានាឱ្យបានអធិកអធម ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។
ជាការឆ្លើយតប សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម។ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យយុវជនកម្ពុជា-វៀតណាម ក៏ដូចជាយុវជនកម្ពុជា-ឡាវ-វៀតណាម បង្កើតយន្តការជួបប្រាស្រ័យទាក់ទងគ្នាឱ្យបានទៀងទាត់ ជាពិសេសឱ្យបានរៀងរាល់ឆ្នាំ ដើម្បីរក្សាសាមគ្គីភាព, មិត្តភាព និងបន្តពូនជ្រំប្រពៃណីនៃការភ្ជាប់ទំនាក់ទំនងល្អប្រសើរ ដែលបន្សល់ទុកតាំងពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់យុវជននៃប្រទេសទាំងពីរ ក្នុងការរៀបចំកម្មវិធី និងសកម្មភាពឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នាឆ្នាំក្រោយ។
សម្តេចធិបតី បានបន្ថែមថា ក្នុងកម្រិតរដ្ឋាភិបាល, ប្រទេសទាំងពីរ ក៏បានឯកភាពគ្នារៀបចំសកម្មភាព និងព្រឹត្តិការណ៍រួមគ្នា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះកាន់តែមានភាពសម្បូរបែប អធិកអធម និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ថែមទៀត៕
