សាស្ត្រាចារ្យ ឈាង រ៉ា ៖ មណ្ឌលសុខភាពមូលដ្ឋាន សុខាភិបាលសហគមន៍ជនបទ គឺជាការផ្តល់ទំនុកចិត្ត
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា មណ្ឌលសុខភាពសម្រាប់មូលដ្ឋានសុខាភិបាលសហគមន៍ជនបទ គឺការផ្តល់ជូន និងទទួលបានមកវិញ នូវទំនុកចិត្តពីប្រជាពលរដ្ឋជាប់ជាប្រចាំ ។

ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព បឹងបត់កណ្តោល នៅ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាមណ្ឌលសុខភាព បានបន្តប្រឡងប្រណាំង ជ័យលាភីគំរូ ឆ្នាំ២០២៥ សាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងថា មណ្ឌលសុខភាព សម្រាប់មូលដ្ឋានសុខាភិបាលសហគមន៍ជនបទ ដែលធ្លាប់ទទួលបានលំដាប់ថ្នាក់ជ័យលាភី គឺជាការល្អមួយហើយ។ ប៉ុន្តែអ្វីដែលល្អជាងនេះទៅទៀតនោះ គឺការផ្តល់ជូន និងទទួលបានមកវិញនូវទំនុកចិត្តពីប្រជាពលរដ្ឋជាប់ជាប្រចាំថែមទៀត ហើយដែលត្រូវតែរក្សាឱ្យបាន។

សាស្ត្រាចារ្យសង្ឃឹមថា សហភាតរៈសុខាភិបាល នឹងព្យាយាមឱ្យបាន លើសពីការរំពឹងទុក។
ក្នុងឱកាសបន្តដំណើរសួរសុខទុក្ខ និងពិនិត្យមូលដ្ឋានសុខាភិបាលនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បាននៅបន្តធ្វើបាឋកថាបណ្តុះបណ្តាល លើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធ Zoom ដែលរៀបចំជាទំលាប់រៀងរាល់រសៀលថ្ងៃអង្គារ ដោយលើកនេះមានវត្តមានចូលរួម ផ្ទាល់នៅនឹងកន្លែងពីបុគ្គលិកមណ្ឌលបឹងបត់កណ្តោលផងដែរ។

ប្រតិភូសុខាភិបាល បានសង្កេតឃើញ ភាពរីកចម្រើន ប៉ិនប្រសប់ដែលបុគ្គលិក មន្ត្រីសុខាភិបាលមណ្ឌលសុខភាព បឹងបត់កណ្តោលបានពាំនាំ និងខិតខំសម្រេចបានសម្រាប់អង្គភាពរបស់ខ្លួន បង្ហាញឱ្យឃើញពីការតាំងចិត្តខ្ពស់ និងភាពរឹងមាំ ក្នុងការដឹកនាំអង្គភាពរបស់ខ្លួន រិះរកគ្រប់មធ្យោបាយ ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងសហគមន៍៕











