ព័ត៌មានជាតិ

កម្ពុជា-អង់គ្លេស បង្កើនកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព និងវិបុលភាពពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី អនុរដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធិបតី និងលោកស្រី ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ព្រមទាំងបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព និងវិបុលភាពពិភពលោក។

ជាមួយគ្នានេះ លោកស្រី អនុរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើពិពិធកម្មទំនាក់ទំនងរបស់អង់គ្លេស តាមរយៈការបង្កើតទំនាក់ទំនង ជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកការតភ្ជាប់ និងចែករំលែកបទពិសោធល្អៗ និងឧត្តមានុវត្តន៍របស់ចក្រភពអង់គ្លេសជាមួយប្រទេសនៅក្នុងតំបន់។

ជាការឆ្លើយតប, សម្ដេចធិបតី បានមានប្រសាសន៍ថា ការធ្វើពិពិធកម្មគឺជាការតភ្ជាប់ដ៏ល្អប្រសើរមួយ ដែលជួយពង្រីកទីផ្សារ និងដៃគូពាណិជ្ជកម្មរបស់ប្រទេសនីមួយៗ ឱ្យកាន់តែទូលំទូលាយ។

សម្ដេចធិបតី បានឯកភាព ចំពោះការលើកឡើងរបស់លោកស្រី ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផងដែរ ជាពិសេសក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

To Top