សម្តេចតេជោ ៖ កិច្ចការព្រំដែន មិនមែនតែដូនតាខ្មែរ-ឡាវ និងបារាំងទុកឱ្យទេ តែដូនតាថៃ ក៏ទុកឱ្យដែរ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីមានប្រសាសន៍ថា កិច្ចការព្រំដែន មិនមែនតែដូនតាខ្មែរ-ឡាវនិងបារាំងទុកឱ្យទេ ប៉ុន្តែដូនតាថៃក៏ទុកឱ្យដែរ ។
ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជា-ថៃមិនទាន់មានការព្រមព្រៀងលើការវាស់វែងនៅលើព្រំដីជាក់ស្តែងផង តើភាគីថៃហ៊ានមកបោះបង្គោលព្រំដែននៅចំណុចណានៃបន្ទាត់ព្រំដែន?។
សម្តេចតេជោបន្តថា “ប្រទេសទាំងពីរទាល់តែទទួលស្គាល់ទាំងសងខាងទើបអាចបោះបង្គោលបាន ដូនតាយើងទុកឱ្យជាង១០០ឆ្នាំ មិនមែនគ្រាន់តែដូនតាខាងបារាំងទេ តំណាងឱ្យឡាវ ខ្មែរទេ ដូនតាខាងព្រះរាជាណាចក្រថៃ គឺព្រះមហាក្សត្រថៃនៅពេលនោះបានយល់ព្រមចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាបារាំង-សៀម១៩០៤ និងអនុសន្ធិសញ្ញាបារាំង-សៀម១៩០៧” ។
សូមបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕
