ក្រសួងសាធារណការ ដំឡើងបរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែម លើផ្លូវជាតិលេខ៥ ដើម្បីដាស់ស្មារតីអ្នកបើកបរ
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់ និងតែងយកចិត្តទុកដាក់ ជាប្រចាំពីសុវត្ថិភាព ប្រជាពលរដ្ឋតាមដងផ្លូវ ជាពិសេសតាមដងផ្លូវដែលមានចរាចរណ៍មមាញឹក និងហានិភ័យខ្ពស់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានចុះពិនិត្យសកម្មភាពដំឡើង បរិក្ខាររសុវត្ថិភាពចរាចរណ៍បន្ថែម លើដងផ្លូវជាតិលេខ៥(ចំណុចសាលាលេខ៥)រួមមាន៖ ភ្លើងសញ្ញាដាស់តឿនអ្នកបើកបរ(Warnning), គំនូសសញ្ញាចរាចរណ៍(Rumble Strips) និងផ្លាកសញ្ញាចរាចរណ៍ ដើម្បីដាស់ស្មារតីអ្នកបើកបរ ឱ្យគិតគូរពីសុវត្ថិភាពលើដងផ្លូវ។

ការចុះពិនិត្យធ្វើឡើងដោយមានចូលរួមពីក្រុមការងារគម្រោងផ្លូវជាតិលេខ៥, ក្រុមការងារJICA,ស្នងការនគរបាលខេត្តកំពង់ឆ្នាំង, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង,អាជ្ញាមូលដ្ឋាន និងភាគីពាក់ព័ន្ធដទៃទៀត។
គួរបញ្ជាក់ថា ភ្លើងស្តុបថ្មីចំនួន២៤ទីតាំង ត្រូវដាក់ពង្រាយតាមបណ្តោយផ្លូវជាតិលេខ៥(កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង និងបន្ទាយមានជ័យ) រួមទាំងបរិក្ខាររសុវត្ថិភាពចរាចរណ៍ដទៃទៀតដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

សម្ភារៈទាំងនោះបានដឹកទៅកាន់ទីតាំងដំឡើង ដោយបំពាក់តាមទីតាំងកំណត់ ដែលមានការសិក្សាត្រឹមត្រូវច្បាស់លាស់ ពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីមិត្តជប៉ុន៕

