សាស្ត្រាចារ្យ ឈាង រ៉ា ៖ មន្រ្តីសុខាភិបាល ត្រូវផ្តោតលើចំណុចសំខាន់៣
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលបានលើកឡើងថា មន្រ្តីសុខាភិបាល ត្រូវផ្តោតលើចំណុចសំខាន់៣គឺ ក្រមសីលធម៌វិជ្ជាជីវៈ ការយល់ចិត្ត និងបទបញ្ញាត្តិនៃការធ្វើឱ្យបានត្រូវ ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «បដិសណ្ឋារកិច្ចរបស់មន្រ្តីសុខាភិបាល ចំពោះអ្នកជំងឺប្រកប ដោយសីលធម៌វិជ្ជាជីវៈ ជាគុណតម្លៃ នៃសេវាសុខាភិបាល» នៅមន្ទីរពេទ្យកាល់ម៉ែត រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ៣ចំណុចសំខាន់ ដែលមន្រ្តីសុខាភិបាល ត្រូវចងចាំនិងអនុវត្តនោះ គឺក្រមសីលធម៌វិជ្ជាជីវៈ គឺជាបែបបទមួយនៃការរស់នៅមួយដែលល្អ និងក្នុងវិជ្ជាជីវៈ ហើយគោរពសិទ្ធិរវាងអ្នកបម្រើសេវា និងអ្នកជំងឺ , ការយល់ចិត្ត ត្រូវធ្វើអ្វីៗ ដើម្បីអ្នកជំងឺ យល់ពីអ្នកជំងឺ និងបទបញ្ញាត្តិនៃការធ្វើឱ្យបានត្រូវ សម្រាប់ខ្លួនជាអ្នកវិជ្ជាជីវៈ ដែលជាក្រឹតក្រមនៃការប្រតិបត្តិ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេច ដល់មន្រ្តីសុខាភិបាលទាំងអស់ ត្រូវធ្វើអ្វីៗ ដើម្បីអ្នកជំងឺ ព្រោះនេះជាការបម្រើសេវា ដោយក្រមសីលធម៌ ដែលជាការបំពេញបេសកកម្មដ៏ថ្លៃថ្លា ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈ។
រដ្ឋមន្រ្តីបន្តថា ត្រូវលើកប្រធានបទយកមកចែករំលែកមានសារៈសំខាន់ និងមានគុណតម្លៃស្នូលគាំទ្របេសកកម្មសុខាភិបាល ជាពិសេសចូលរួមបង្កើន និងទទួលបានទំនុកចិត្ត ពីប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាសុខភាព នៅតាមអង្គភាពសុខាភិបាល ។ បដិសណ្ឋារកិច្ច ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលានក្នុងអង្គភាពផ្តល់សេវា ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់បំផុតលើការអនុវត្ត “បដិសណ្ឋារកិច្ចល្អ” ក្នុងគ្រប់វិស័យ ជាពិសេសនៅតាមបណ្តាក្រសួង និងស្ថាប័នរដ្ឋ ។ ពាក្យ «បដិសណ្ឋារកិច្ច» ជាពាក្យខ្លី ប៉ុន្តែបង្កប់ទៅដោយអត្ថន័យ យ៉ាងទូលំទូលាយបំផុត ដែលមានន័យថា «កិច្ចសំដែងនូវការទទួលរាក់ទាក់»៕









