ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់វិស័យឯកជន ពិសេសសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិ ខណៈ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមធ្វើជា «ទូតសុច្ឆន្ទៈ» ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការបង្កើតសមាគមទេសចរណ៍កម្ពុជា (CATA) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ អង្គទូតបរទេស ថ្នាក់ដឹកនាំសមាគម និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាក់ស្ដែងជាច្រើនរបស់ CATA ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ លោកបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ និងសមាជិក CATA គ្រប់ជំនាន់ បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសមាគមមួយនេះ ទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។
ជុំវិញភាពជាដៃគូនេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា «រាល់សមិទ្ធផលទាំងអស់ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស ពីកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍។ ភាពជាដៃគូដ៏រឹងមាំនេះ នឹងបន្តជាកម្លាំងចលករជំរុញ ការរីកចម្រើននៃវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលរាជរដ្ឋាភិបាលចាត់ទុកជា ‘មាសបៃតង’ និងជាការនាំចេញនៅនឹងកន្លែង ដែលរួមចំណែកបង្កើតការងារ បង្កើនចំណូល និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថានរបស់យើង»។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលគំនិត នៃការប្រើប្រាស់ «អំណាចទន់» (Soft Power) ដោយបានចាត់ទុកប្រជាពលរដ្ឋខ្មែរគ្រប់រូប គឺជាទូតសុច្ឆន្ទៈ និង ជាតំណាងអត្តសញ្ញាណជាតិ។ លោក បានលើកទឹកចិត្តឱ្យមានការ ចូលរួមពង្រីកអំណាចទន់នេះ តាមរយៈការផ្សព្វផ្សាយពីលក្ខណៈពិសេស និងភាពល្អផូរផង់នៃវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដើម្បីបង្កើនភាពទាក់ទាញទាំងភ្ញៀវទេសចរ និងការវិនិយោគ ៕
