Feature

កម្ពុជា-ស្វ៊ីស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET និងការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ស្របតាមទីផ្សារការងារ

ទីក្រុងហ្សឺណែវ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារ ទ្វេភាគីជាមួយ លោក​ ហ្សេរ៉ូម កូសង់ដេ (Jérôme Cosandey) អនុប្រធានរដ្ឋលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃប្រទេសស្វ៊ីស នៅក្នុងសន្និសីទអន្តរជាតិ ខាងការងារលើកទី១១៤ ក្នុងប្រទេសស្វ៊ីស ដើម្បីបង្ហាញពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍកម្មវិធីសិក្សា ឱ្យស្របតាមតម្រូវការ របស់ឧស្សាហកម្ម ក៏ដូចជាភាពជាដៃគូប្រកបដោយសក្តានុពល ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

នាឱកាសពិភាក្សាដ៏មានសារៈសំខាន់នោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងប្រទេសស្វ៊ីស តាមរយៈទីភ្នាក់ងារស្វ៊ីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលជាដៃគូដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្ម កម្លាំងពលកម្មទៅក្នុងទីផ្សារការងារ ព្រមទាំងការគាំទ្ររយៈពេលវែងដល់ការពង្រឹងស្ថាប័ន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកឡើងពី “កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY)” ដែលជាគំនិតផ្តួចផ្តើមដ៏ចាំបាច់មួយ កំពុងជួយបង្កើនលទ្ធភាពទទួលបានការងារដល់យុវជន ពង្រឹងការផ្សារភ្ជាប់រវាងការបណ្តុះបណ្តាល TVET និងវិស័យឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ឱកាសការងារប្រកបដោយបរិយាបន្ន ។ លើសពីនេះ លោកក៏បានទទួលស្គាល់ នូវឧត្តមានុវត្តន៍របស់ប្រទេសស្វ៊ីស លើឆាកអន្តរជាតិក្នុងវិស័យ TVET ជាពិសេសប្រព័ន្ធគំរូ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមបញ្ចូលការសិក្សា ក្នុងថ្នាក់រៀនជាមួយបទពិសោធការងារ ជាក់ស្តែងនៅកន្លែងការងារ ។ លោក​ ហេង សួរ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ចំពោះការសិក្សារៀនសូត្រ និងបទពិសោធល្អៗ របស់ប្រទេសស្វ៊ីស លើប្រព័ន្ធកម្មសិក្សា ការចូលរួមពីវិស័យឧស្សាហកម្ម ការបញ្ជាក់វិញ្ញាបនបត្រជំនាញ និងការធានាគុណភាពជំនាញ ដែលលោកបានចាត់ទុកថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់របៀបវារៈកំណែទម្រង់នៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីដំណើរការកំណែទម្រង់កម្មវិធី TVET និងការផ្លាស់ប្តូរកម្លាំងពលកម្ម របស់កម្ពុជា ដែលផ្តោតលើការលើកកម្ពស់ជំនាញ ការអភិវឌ្ឍជំនាញឌីជីថល ការពង្រឹងការចូលរួមរបស់វិស័យឧស្សាហកម្ម និងការពង្រីកឱកាសទទួលបាន ការបណ្តុះបណ្តាលតាមរយៈកម្មវិធី TVET ១,៥ លាន សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងធ្វើឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារការងារ ពង្រឹងភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម និងបង្កើនឱកាសការងារសម្រាប់អ្នកបញ្ចប់ការសិក្សា។

ជាការឆ្លើយតបលោក​ ហ្សេរ៉ូម កូសង់ដេ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់លោករដ្ឋមន្ត្រីលើការអភិវឌ្ឍជំនាញ និងការផ្សារភ្ជាប់ TVET ជាមួយទីផ្សារការងារ។ ភាគីស្វ៊ីសបានបង្ហាញឆន្ទៈបន្តពិភាក្សាពីកិច្ចសហប្រតិបត្តិការលើប្រព័ន្ធកម្មសិក្សា ការចូលរួមរបស់វិស័យឯកជន ការធានាគុណភាព និងការផ្លាស់ប្តូរបទពិសោធរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការអភិវឌ្ឍកម្មវិធី TVET និងការអភិវឌ្ឍជំនាញ ព្រមទាំងការកសាងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល ការធ្វើទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរចំណេះដឹងផងដែរ៕

To Top