កម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការ “សហគ្រាសពាណិជ្ជកម្មកម្ពុជា”
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)” នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ។

លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)» បានថ្លែងថា ការបង្កើត ស.ព.ក. គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង ហើយការបង្កើតនេះ មិនមែនក្នុងគោលបំណងប្រកួតប្រជែង ឬជំនួសតួនាទីរបស់វិស័យឯកជននោះទេ ប៉ុន្តែ ស.ព.ក. នឹងដើរតួជា “ដៃគូយុទ្ធសាស្ត្រប្រកបដោយថាមវន្ត” ដើម្បីបើកផ្លូវទៅរកកាលានុវត្តភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យឯកជនកម្ពុជា ។
លោកបន្ថែមថា ការប្រកាសដាក់ឱ្យដំណើរការ ស.ព.ក. ក៏ជាផ្នែកមួយនៃការអនុវត្តចក្ខុវិស័យជាយុទ្ធសាស្ត្រ «ឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» តាមរយៈនិម្មាបនកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦-២០២៨ លើការងារស្នូលទាំង ៣ គឺ៖ បរិវត្តកម្មស្ថាប័ន ពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ។
លោកបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ថ្វីត្បិតតែអង្ករនៅតែជាទំនិញយុទ្ធសាស្ត្រដ៏ចម្បង ស.ព.ក. នឹងពង្រីកវិសាលភាពអន្តរាគមន៍ និងការស្វែងរកឱកាសទីផ្សារអន្តរជាតិលើកសិផលសក្តានុពលដទៃទៀត ព្រមទាំងផលិតផលសរីរាង្គ និងកសិផលកែច្នៃផ្សេងៗទៀត សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រីកការនាំចេញ៕
