Feature

អាជ្ញាធរក្រុងប៉ោយប៉ែត ចុះណែនាំអាជីវករបញ្ឈប់ការនាំចូល និងតាំងលក់ផលិតផលពីថៃ គ្រប់ប្រភេទ

ប៉ោយប៉ែត៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលក្រុង ប៉ោយប៉ែត ដឹកនាំដោយ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារ បានចុះពិនិត្យ និងណែនាំដល់អាជីវករ នៅក្នុងផ្សារអគ្គៈ (ផ្សារត្រី) ឱ្យបញ្ឈប់ជាបន្ទាន់នូវការនាំចូល តាំងលក់ និងចែកចាយផលិតផលគ្រប់ប្រភេទដែលនាំចូលពីប្រទេសថៃ។

ក្នុងឱកាសនោះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយ និងណែនាំដល់អាជីវករឱ្យអនុវត្តតាមការណែនាំរបស់អាជ្ញាធរឱ្យបានខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យមានការនាំចូល ឬដាក់តាំងលក់ទំនិញ សាច់បង្កក និងផលិតផលផ្សេងៗដែលមានប្រភពពីប្រទេសថៃ ដើម្បីចែកចាយ និងប្រើប្រាស់ក្នុងមូលដ្ឋានឡើយ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំដល់អាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធ ឱ្យបញ្ឈប់ការដាក់តាំងបង្ហាញអត្រាប្តូរប្រាក់បាតនៅតាមទីតាំងអាជីវកម្មនានាក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតផងដែរ។ រដ្ឋបាលក្រុងប៉ោយប៉ែត អំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព ស្របតាមបទបញ្ជា និងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច៕

To Top