Feature

ជនបរទេស ២,២៧៨នាក់ មាន ២៨សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពី កម្ពុជា

ភ្នំពេញ ៖ រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បន្តធ្វើ កាបណ្ដេញចេញជនបរទេសសរុបចំនួន ២,២៧៨នាក់ មាន ២៨សញ្ជាតិ ពីប្រទេសកម្ពុជា។

ក្នុងនោះមានជនជាតិចិន ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិតេជោ និងជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក (ខេត្តកំពត) និងជនបរទេសមួយចំនួនទៀតពាក់ ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើ ការងារ ខុស ច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ។

ជាពិសេសចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការ ក្នុងសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

To Top