អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសហគមន៍ទុរេនបែកអន្លង់ ពង្រឹងការរក្សានូវគុណតម្លៃ និងគុណភាព ផលិតផលនៅក្នុងស្រុក
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យសហគមន៍ទុរេនបែកអន្លូង ខិតខំពង្រឹងថែរក្សានូវគុណតម្លៃ និងគុណភាព ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាកសិករយើង។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកអភិបាលខេត្ត រួមជាមួយ លោក សៀកឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហគមន៍ទុរេនបែកអន្លង់ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សហគមន៍ទុរេនបែកអន្លង់នេះ ទទួលបានការចូលរួមអន្តរាគមន៍ ពីស្ថាប័នជំនាញ ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍មួយនេះមានភាពរឹងមាំ និងនាំមកនូវប្រយោជន៍ជាច្រើនដល់ប្រជាកសិករ និងប្រជាពលរដ្ឋដាំដុះដំណាំទុរេននេះតែម្តង ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា បច្ចុប្បន្នដំណើរការរបស់សហគមន៍កំពុងស្ថិតនៅក្នុងការសាកល្បង ក្នុងនោះគឺជាការសំខាន់ណាស់ ក្នុងការរៀបចំកំណត់ស្លាកសញ្ញា ទាំងការចុះបញ្ជីពាណិជ្ជកម្មបែបសមរភាព និងការធ្វើស្លាកសញ្ញា QR Code ដែលបញ្ជាក់អំពីទីតាំង និងព័ត៌មានមួយចំនួន ដែលបញ្ជាក់អំពីការរក្សានូវគុណតម្លៃ និងគុណភាព ផលិតផលនៅក្នុងស្រុករបស់យើង ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាកសិករ ដែលដាំដុះដំណាំទុរេននេះ ។



អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា









