ស្អែកនេះ! កុំភ្លេចចូលរួមទិវាជាតិ TVET ២០២៦ ស្វែងយល់ជំនាញ ការងារ និងឱកាសរកប្រាក់ចំណូល
ភ្នំពេញ៖ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នឹងចាប់ផ្តើមនៅថ្ងៃស្អែក ទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។

ជាពិសេស នៅក្នុងពិធីបើកទិវាជាតិនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការផ្តល់អាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា។
កម្មវិធីដ៏ធំនេះ គឺជាឱកាសពិសេសសម្រាប់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជន ក្នុងការស្វែងយល់អំពីជំនាញវិជ្ជាជីវៈដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ព្រមទាំងឱកាសការងារ និងការអភិវឌ្ឍអាជីពនាពេលអនាគត។

អ្នកចូលរួមនឹងបានទស្សនាការតាំងពិព័រណ៍ស្នាដៃ និងបច្ចេកវិទ្យាទំនើបៗពីគ្រឹះស្ថាន TVET ទូទាំងប្រទេស ស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជាច្រើនជំនាញ ជួបផ្ទាល់ជាមួយគ្រូបណ្តុះបណ្តាល សិស្សជំនាញ និងតំណាងក្រុមហ៊ុនឯកជន ព្រមទាំងទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងឱកាសការងារជាច្រើន។

ក្រៅពីនេះ ក៏មានការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ពីវាគ្មិនជោគជ័យ អ្នកជំនាញ និងតំណាងវិស័យឯកជន ដែលនឹងបង្ហាញពីសារៈសំខាន់នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្នុងការកសាងអនាគតការងារ និងបង្កើនប្រាក់ចំណូល។

សម្រាប់យុវជនដែលកំពុងស្វែងរកអាជីព ឬចង់បង្កើនជំនាញដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ ទិវាជាតិ TVET ២០២៦ គឺជាព្រឹត្តិការណ៍មួយដែលមិនគួររំលង ព្រោះជំនាញមួយ អាចផ្លាស់ប្តូរជីវិត និងបើកទ្វារទៅរកឱកាសការងារកាន់តែប្រសើរ៕



