ទំនាក់ទំនងប្រជាជននិងប្រជាជន គឺជាស្ពានដ៏សំខាន់ ដែលភ្ជាប់បេះដូង និងរួមចំណែកក្នុងការកសាងឱ្យកាន់តែរឹងមាំនូវ សហគមន៍វាសនារួម កម្ពុជា-ចិន
ភ្នំពេញ៖ លោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានលើកឡើងថា ទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាស្ពានដ៏សំខាន់ ដែលភ្ជាប់បេះដូង របស់ប្រជាជនទាំងពីរ និងរួមចំណែក ក្នុងការកសាងឱ្យកាន់ តែរឹងមាំនូវសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ថ្លែងនៅក្នុងកម្មវិធី “ទិវាអន្តរជាតិកិច្ចសន្ទនាអរិយធម៌”និង “សួស្តី បងប្អូន! ទិវាបើកឱ្យចូលទស្សនាក្នុងស្ថានទូតចិនប្រចាំកម្ពុជា” លោក ឯក សំអុល បានមានប្រសាសន៍ថា កម្មវិធីនេះ ពិតជាវេទិកាដ៏មានអត្ថន័យសម្រាប់ការលើកកម្ពស់ ចំណងមិត្តភាព ការយល់ដឹង គ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃ ប្រទេសទាំងពីរ កម្ពុជានិងចិន ហើយជាពិសេសបន្តអនុវត្តនូវស្មារតី កាលពី២ឆ្នាំមុនរបស់ មហាសន្និបាតអង្គការសហប្រជា ជាតិលើកទី៧៨ ពីខែមិថុនា ឆ្នាំ២០២៤ ដោយបាន អនុម័តជាឯកឆន្ទនូវសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនាអំពី អរិយធម៌ ដែលលើកឡើងដោយ ប្រទេសចិន ហើយបានកំណត់យកថ្ងៃទី១០ ខែមិថុនា ជាទិវាអន្តរជាតិ សម្រាប់ការសន្ទនាអំពីអរិយធម៌។។

ក្នុងនាមសមាគមមិត្តភាពកម្ពុជា-ចិន លោក ឯក សំអុល បានសម្តែងនូវការកោតសរសើរ ចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដែលបានផ្តល់ឱកាសដល់សិស្ស និស្សិត យុវជន និងប្រជាជនកម្ពុជា បានជួបជុំ សន្ទនា និងចែករំលែកបទពិសោធន៍អំពីទំនាក់ទំនង ប្រជាជននិងប្រជាជន កម្ពុជានិងចិន នៅក្នុងបរិវេណនៃស្ថានទូតចិនប្រចាំកម្ពុជា ដែលទីនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃមិត្តភាពប្រពៃណី រវាងប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍នាថ្ងៃនេះ យើងមានមោទកភាពដែលបានឃើញការដាក់តាំងបង្ហាញ សម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ កម្ពុជានិងចិន ការសម្តែងសិល្បៈប្រពៃណី និងសម័យ ដែលបង្ហាញពីភាពចម្រុះ និងភាពរុងរឿងនៃអរិយធម៌ទាំងពីរ។ ជាពិសេស ការជួបគ្នាជា និមិត្តរូបរវាង «ហនុមាន» នៃវប្បធម៌ខ្មែរ និង «អ៊ូខុង» នៃវប្បធម៌ចិន បានឆ្លុះបញ្ចាំង ពីការគោរព និងការយល់ដឹងរវាង អរិយធម៌ពីរដែលមានប្រវត្តិសាស្ត្រ យូរអង្វែង។



លោក ឯក សំអុល បានបន្ថែមថា ដើមឈើមិត្តភាពនៅក្នុងបរិវេណស្ថានទូតចិន មិនត្រឹមតែជានិមិត្តរូប នៃការរីកលូតលាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យចំណងមិត្តភាព កម្ពុជា-ចិន ដែលបានចាក់ឫសយ៉ាងជ្រៅ និងកំពុងបែកមែកសាខា ដ៏រឹងមាំពីមួយជំនាន់ទៅមួយជំនាន់។

លោកបញ្ជាក់ថា «ក្នុងរយៈពេល ជាច្រើនទសវត្សរ៍កន្លងមក ទំនាក់ទំនង កម្ពុជា-ចិន បានបន្តអភិវឌ្ឍឥតឈប់ឈរ ដោយផ្អែកលើការគោរពគ្នា ទៅវិញទៅមក ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាស្ពានដ៏សំខាន់ ដែលភ្ជាប់បេះដូង របស់ប្រជាជនទាំងពីរ និងរួមចំណែក ក្នុងការកសាងឱ្យកាន់ តែរឹងមាំនូវសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។

លោក ឯក សំអុល ជឿជាក់យ៉ាងស្មោះស្ម័គ្រថា ការផ្លាស់ ប្តូរវប្បធម៌ និងការប្រាស្រ័យទាក់ទង រវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជានិងចិន នឹងបន្តរីកចម្រើន និងនាំមកនូវផលប្រយោជន៍ រួមកាន់តែច្រើន សម្រាប់ប្រជាជនកម្ពុជានិងចិន៕

