កម្ពុជា-ចិន រៀបចំកម្មវិធី “ទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនាអរិយធម៌” ក្រោមប្រធានបទ «ភាពសុខដុមរមនានៃវប្បធម៌ចម្រុះ រៀនសូត្រពីអរិយធម៌ទៅវិញទៅមក»
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន សហការជាមួយ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី “ទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនាអរិយធម៌” ក្រោមប្រធានបទ «ភាពសុខដុមរមនានៃវប្បធម៌ចម្រុះ រៀនសូត្រពីអរិយធម៌ទៅវិញទៅមក» និងកម្មវិធីចូលទស្សនាក្នុងស្ថានទូតចិនប្រចាំកម្ពុជា នៅស្ថានទូតចិនប្រចាំកម្ពុជា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតជាច្រើនមកពីសាលារៀនទួនហ្វា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាជាតិវិចិត្រសិល្បៈ បានជួបជុំគ្នានៅស្ថានទូតចិនប្រចាំកម្ពុជាក្នុងបរិយាកាសពោរពេញដោយមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីរួមចំណែកលើកកម្ពស់ស្មារតីសន្ទនារវាងអរិយធម៌ផ្សេងៗក្រោមគោលគំនិត សួស្ដី បង-ប្អូន កម្ពុជា ។

ថ្លែងក្នុងកម្មវិធី លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា អរិយធម៌នីមួយៗមានតម្លៃ និងភាពពិសេសរៀងៗខ្លួន ហើយការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នា និងការផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ គឺជាមាគ៌ាសំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន ព្រមទាំងរួមចំណែកកសាងសហគមន៍មនុស្សជាតិដែលមានអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។

ដោយឡែក លោក វ៉ាងវិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា កិច្ចសន្ទនារវាងអរិយធម៌ គឺជាស្ពានតភ្ជាប់ដួងចិត្តប្រជាជននៃបណ្តាប្រទេសផ្សេងៗ ឱ្យកាន់តែជិតស្និទ្ធគ្នា។
លោកឯកអគ្គរដ្ឋទូត សង្កត់ធ្ងន់ថា ភាពចម្រុះនៃអរិយធម៌មិនមែន ជាឧបសគ្គនៃការអភិវឌ្ឍនោះទេ ប៉ុន្តែជាប្រភពនៃប្រាជ្ញា ការច្នៃប្រឌិត និងការរីកចម្រើនរួម ដែលគួរត្រូវបានថែរក្សា គោរព និងលើកកម្ពស់។

ការចូលរួមយ៉ាងសកម្មរបស់សិស្ស និងនិស្សិត បានឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់យុវជនក្នុងការបន្តមរតកវប្បធម៌ លើកកម្ពស់ការយោគយល់គ្នាឆ្លងវប្បធម៌ និងក្លាយជាបេសកជនមិត្តភាពរវាងកម្ពុជា និងចិន។ តាមរយៈសកម្មភាពនេះ យុវជនបានទទួលនូវចំណេះដឹងថ្មីៗ និងការយល់ដឹងកាន់តែស៊ីជម្រៅ អំពីតម្លៃនៃការគោរពភាពខុសគ្នា ការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក និងការរួមរស់ប្រកបដោយភាពសុខដុមរមនាក្នុងពិភពលោកដែលមានភាពចម្រុះ។

“ភាពចម្រុះបង្កើតភាពស្រស់ស្អាត ការផ្លាស់ប្តូរបង្កើនការយល់ដឹង និងការរៀនសូត្រពីគ្នាបង្កើតអនាគតរួមដ៏ភ្លឺស្វាងសម្រាប់មនុស្សជាតិ” គឺជាសារដ៏មានអត្ថន័យដែលបានបន្លឺឡើងក្នុងទិវាដ៏សំខាន់នេះ៕

