ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រកួតស្នាដៃការផលិតវីដេអូអប់រំខ្លី ស្តីពី ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ភ្នំពេញ ៖ ក្នុងគោលបំណងបង្ការទប់ស្កាត់ហានិភ័យសុខភាពធនធានមនុស្ស ដែលបង្កដោយការ សេពគ្រឿងស្រវឹង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា នឹង រៀបចំកម្មវិធីប្រកួតផលិតវីដេអូអប់រំខ្លីក្រោមប្រធានបទ “ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង”។

យោងតាមលិខិតរបស់ ក្រសួងអប់រំ ថ្មីៗនេះ ថាបេក្ខជន ដែលចូលរួមក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំនេះត្រូវតែជាសិស្ស និស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថាន មធ្យមសិក្សា ឧត្តមសិក្សាសាធារណៈ និងឯកជននៅទូទាំងរាជធានី ខេត្ត។

ចំពោះវីដេអូអប់រំដែលបេក្ខជន បានផលិតត្រូវមានរយៈពេលចាប់ពី៩០ទៅ១៨០វិនាទី ដែលមានខ្លឹមសារពេញលេញឆ្លើយតបទៅនឹងគោល បំណងរបស់ប្រធានបទនៃការប្រកួតព្រមទាំងមានរូបភាពនិងសំឡេងច្បាស់ល្អប្រកបដោយភាពច្នៃប្រឌិត។

ក្រសួង បន្ដថា វីដេអូអប់រំខ្លីទាំងអស់ត្រូវផ្ញើមកក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគណៈគ្រប់គ្រ គ្រឹះស្ថានសិក្សាសាមីជាមុន។ វីដេអូដែលត្រួតពិនិត្យរួចទើបអនុញ្ញាត្តិឱ្យបង្ហោះក្នុងបណ្តាញព័ត៌មានសង្គមរួមមាន ហ្វេសប៊ុក តិកតុក យូធូប និងទម្រង់ផ្សេងៗទៀត៕

To Top