ព័ត៌មានជាតិ

មិនក្រែងច្បាប់ទាល់តែសោះ ប្ដីប្រពន្ធមួយគូនៅស្រុកឆែប ហ៊ានសង់ផ្ទះល្វែងរំលោភដីសាធារណៈ ទាំងអាជ្ញាធរចុះហាមឃាត់

ខេត្តព្រះវិហារ៖ ករណីសំណង់ផ្ទះល្វែងមួយកន្លែង កំពុងតែបន្តសាងសង់រំលោភបំពានយកដីសាធារណៈរបស់រដ្ឋយ៉ាងគគ្លើន ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បើទោះបីជាមានការចុះមកឃាត់ឃាំង និងធ្វើកំណត់ហេតុផ្អាកជាបណ្ដោះអាសន្នពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញយ៉ាងណាក៏ដោយ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឱ្យដឹងថា ម្ចាស់សំណង់ផ្ទះល្វែងខាងលើនេះ ត្រូវជាប្ដីប្រពន្ធនឹងគ្នា ដោយប្ដីមានឈ្មោះ ជួប ចិត្ត និងប្រពន្ធឈ្មោះ អ៊ូច សុភី។ សំណង់ដែលកំពុងដំណើរការសាងសង់នេះ បានរំលោភបំពានយកដីសាធារណៈរបស់រដ្ឋ ដែលមានទំហំរហូតដល់ទៅ 2ម៉ែត្រ × ១៨ម៉ែត្រ។
ប្រភពដដែលបានបន្តថា កន្លងមក ទាំងក្រុមអាជ្ញាធរដែនដី និងមន្ត្រីជំនាញ បានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការត្រួតពិនិត្យ ព្រមទាំងបានរៀបចំកំណត់ហេតុហាមឃាត់មិនឱ្យមានការសាងសង់បន្តទៀតនោះទេ ដើម្បីរង់ចាំការដោះស្រាយ។

ប៉ុន្តែម្ចាស់សំណង់ឈ្មោះ ជួប ចិត្ត និង អ៊ូច សុភី មិនបានគោរពតាមការណែនាំ ឬកោតក្រែងច្បាប់ទម្លាប់នោះឡើយ ពោលគឺនៅតែមានះបន្តសកម្មភាពសាងសង់យ៉ាងរំភើយ ដែលទង្វើនេះកំពុងតែរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។

ទាក់ទិននឹងករណីនេះ បើផ្អែកតាមទិដ្ឋភាពច្បាប់ យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ១៥ និងមាត្រា ៤៣ បានចែងយ៉ាងច្បាស់ថា ដីសាធារណៈរបស់រដ្ឋ មិនអាចក្លាយជាកម្មវត្ថុនៃកម្មសិទ្ធិឯកជន ឬការកាន់កាប់ដោយខុសច្បាប់បានឡើយ។

ជាងនេះទៅទៀត យោងតាមមាត្រា ២៥៩ នៃច្បាប់ភូមិបាល ដដែល ក៏បានកំណត់ទោសប្បញ្ញត្តិយ៉ាងធ្ងន់ធ្ងរផងដែរ ដោយអ្នករំលោភកាន់កាប់ដីសាធារណៈរបស់រដ្ឋ ត្រូវប្រឈមនឹងការផ្ដន្ទាទោសពិន័យជាប្រាក់ចាប់ពី ៥លានរៀល ដល់ ៥០លានរៀល និង/ឬ ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ព្រមទាំងត្រូវបង្គាប់ឱ្យរំលាយសំណង់ខុសច្បាប់នោះចេញ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់សំណង់ផ្ទាល់។

បច្ចុប្បន្ន ប្រជាពលរដ្ឋនៅក្នុងស្រុកឆែប កំពុងសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះទង្វើមិនក្រែងញញើតច្បាប់របស់ប្ដីប្រពន្ធមួយគូនេះ និងបានអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត មេត្តាមានវិធានការច្បាប់ និងវិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចុះរុះរើសំណង់ខុសច្បាប់នេះ និងទាមទារយកដីសាធារណៈរបស់រដ្ឋមកគ្រប់គ្រងវិញ ដើម្បីកុំឱ្យកើតមានគំរូមិនល្អបែបនេះបន្តទៀត៕

ដោយ៖ សួន ពិសិត|ដើមអម្ពិល

To Top