ក្រសួងសារធារណការ ឱ្យម្ចាស់រថយន្ដបំពាក់ផ្លាកលេខ «វត្តបល្ល័ង្ករង្សី» ដោះចេញជាបន្ទាន់
ភ្នំពេញ ៖ ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យម្ចាស់រថយន្តដបំពាក់ផ្លាកលេខទម្រង់មិនត្រឹមត្រូវ «វត្តបល្ល័ង្ករង្សី» ត្រូវដោះចេញជាបន្ទាន់ ហើយចុះបញ្ជីបំពាក់ផ្លាកលេខស្របតាមច្បាប់ បើមិនដូច្នេះទេ ក្រសួង និងសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។
ថ្មីៗនេះ មានបណ្ដាញសង្គមហ្វេសប៊ុកមួយ បានបង្ហោះខ្លឹមសារថា «ជួយពិនិត្យមើល តើក្រសួងសារធារណការ ចេញផ្លាកលេខរថយន្ដបែននេះបានដែរ? (ផ្លាកលេខ វត្តបល្ល័ង្ករង្សី)។
ជាការឆ្លើយតប លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសារធារណការ និងដឹកជញ្ជូន បានសរសេរតាមបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា «ម្ចាស់រថយន្តដែលបំពាក់ផ្លាកលេខទម្រង់មិនត្រឹមត្រូវ ឬផ្ទុយពីស្មារតីអនុក្រឹត្យ សូមដោះចេញជាបន្ទាន់ និងត្រូវទៅចុះបញ្ជីបំពាក់ផ្លាកលេខស្របច្បាប់ ឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់»៕
