លោកស្រី ឧត្តមសេនីយ៍ឯក តុប សារ៉ន ចុះត្រួតពិនិត្យស្ថានភាពរស់នៅជាក់ស្តែង របស់យោធិន ក្នុងកងពលតូច ដឹកជញ្ជូនលេខ៩៩
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ អនុគណៈកម្មការត្រួតពិនិត្យ ចំនួនទ័ព-កូន តាមបណ្តាអង្គភាព ចំណុះអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ដឹកនាំដោយ លោកស្រី ឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ បានអញ្ជើញចុះបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនយោធិន នៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩។

កិច្ចដំណើរការត្រួតពិនិត្យនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល។

ការចុះផ្ទៀងផ្ទាត់ស្ថិតិទ័ព-កូន និង ស្ថានភាពយោធិននាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាពនៃការគ្រប់គ្រង កម្លាំងផ្ទៃក្នុងឱ្យបានច្បាស់លាស់ ធានាតម្លាភាព និងដើម្បីបម្រើឱ្យការ អនុវត្តរបបគោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក៏ដូចជាអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ជូនដល់យោធិន និងគ្រួសារកងទ័ព (ទ័ព-កូន) ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកស្រី ឧត្តមសេនីយ៍ឯក ប្រធានប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការរៀបចំឯកសារយ៉ាងហ្មត់ ចត់របស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលឆ្លុះបញ្ចាំងពីស្មារតី ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយុទ្ធជនក្នុងអង្គភាពទាំងមូល៕





