Feature

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំ TVET មិនត្រូវយកគ្រូមិនច្បាស់លាស់ មកបង្រៀនសិស្សឡើយ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហៅកាត់ថា (TVET) មិនត្រូវយកគ្រូដែលមិនច្បាស់លាស់ មកបង្រៀនសិស្សនោះឡើយ ខណៈ សម្ដេច ណែនាំឱ្យយកចិត្តទុកដាក់លើគុណភាព ក្នុងការបណ្តុះបណ្តាលផងដែរ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចធិបតី បានឱ្យដឹងថា ការបណ្ដុះបណ្ដាលជំនាញនេះ គ្រូត្រូវចេះឱ្យពិតប្រាកដ កុំខ្វះគ្រូ ទៅយកគ្រូជំនាញអគ្គិសនី មកបង្រៀនឆុងកាហ្វេ ។ ការបណ្ដុះបណ្ដាលជំនាញនេះ មុនគេ គឺត្រូវធានាគុណភាពគ្រូ បើសិនជាគ្រូមិនប្រាកដទេ សិស្សកាន់តែមិនប្រាកដទៅទៀត។

លើសពីនេះ សម្តេចធិបតី បានណែនាំដល់ក្រសួងការងារ ចំពោះការបណ្ដុះបណ្ដាលជំនាញឱ្យមានប្រសិទ្ធភាព ត្រូវត្រៀមលក្ខណៈគ្រូឱ្យច្បាស់ ឱ្យពិតប្រាកដ និងមេរៀនបង្រៀន ឱ្យចំគោលដៅផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំសូមថា ធ្វើយ៉ាងម៉េច គិតផ្តួតផ្ដើមខ្ញុំគាំទ្រ តែសូមធានាគុណភាពឱ្យបាន ព្រោះរៀនខុសនេះ គ្រោះថ្នាក់ទៀត ព្រោះសិស្សត្រូវជឿគ្រូ ហើយគ្រូមិនច្បាស់ ទៅបង្រៀនសិស្ស ហើយសិស្សរៀនដំបូងគេ គឺយកក្បួនខុសនឹង គឺពិបាកហើយ។ ចឹងធ្វើយ៉ាងម៉េច សូមយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលគ្រូ និងរៀបចំមេរៀនឱ្យត្រូវតែម្ដង»។

សូមរំលឹកថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្ដល់ឲ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងចូលរួមកាត់បន្ថយគម្លាតជំនាញ នៅក្នុងទីផ្សារការងារ។ គិតនៅត្រឹមខែឧសភា ឆ្នាំ២០២៦នេះ មានគ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងសរុបចំនួន ២៦២គ្រឹះស្ថាន៕

To Top