ភ្លៀងមួយមេធំ បំផ្លាញផ្ទះ៣៥១ខ្នង រោងចក្រ៥កន្លែង បង្គោលភ្លើងមួយដើម សាលារៀន៤ខ្នង រថយន្ត២គ្រឿងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ: ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ បានធ្វើឱ្យផ្ទះជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ សាលារៀន រោងចក្រ រថយន្ត បង្គោលភ្លើងស្ថិតក្នុងភូមិចំនួន៦នៃស្រុកសំរោងទង បានរងផលប៉ះពាល់ធ្ងន់ ស្រាល នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុក ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។

តាមរបាយការណ៍បញ្ជាក់ថា គ្រោះធម្មជាតិភ្លៀង នឹងខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង៣:៣០រសៀល មានភ្លៀងនឹងខ្យល់កន្ត្រាក់ បានធ្វើឱ្យភូមិចំនួន៦បានរងផលប៉ះពាល់ក្នុងនោះរលំផ្ទះមួយខ្នង របើកដំបូលផ្ទះប្រមាណ៣៥០ខ្នង របើកដំបូលរោងចក្រកម្រិតស្រាល ៥រោងចក្រ របើកដំបូលរោងមាន់ ១កន្លែង របើកដំបូល សាលាវិទ្យាល័យហ៊ុនសែនចំបក់២ខ្នង របើកដំបូលសាលាបឋមសិក្សាចំបក់២ខ្នង
បាក់បង្គោលភ្លើង មួយដើម និងបែកកញ្ចក់រថយន្ត២គ្រឿង ដោយដើមឈើរលំកិន ។ ជុំវិញបាតុភូតធម្មជាតិដ៏អាក្រក់នេះ
មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនឹងសត្វនោះទេ ។

ជាមួយនិងផល ប៉ះពាល់នេះ លោក ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវចុះជាបន្ទាន់នៅតាមខ្នងផ្ទះ ដើម្បីពិនិត្យមើល ពីផលប៉ះពាល់ និង តម្រូវការចាំបាច់របស់បងប្អូនពលរដ្ឋ ដែលរងនូវផលប៉ះពាល់នេះ ហើយរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា ធ្វើយ៉ាងណាជៀស វាងឱ្យពួកគាត់ដាច់ស្បៀងឬគ្មានកន្លែងដែលត្រូវជ្រកកោនបណ្តោះអាសន្ន ទំរាំការជួសជុលបានរួចរាល់ ។ មួយវិញទៀត អនុវិទ្យាល័យនិងវិទ្យាល័យ ដែលរងផលប៉ះពាល់របើកដំបូល៤ខ្នង ត្រូវពន្លឿនការជួសជុលបន្ទាន់ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ការសិក្សារបស់សិស្ស ៕










ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតដើមអម្ពិល
