Feature

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ដៃម្ខាងការពារទឹកដី និងម្ខាងទៀត ខិតខំអភិវឌ្ឍន៍ជាតិ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលដៃម្ខាងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដៃម្ខាងទៀត បន្តអភិវឌ្ឍន៍ប្រទេសដោយមិនបង្អែរបង្អង់ឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ទន្ទឹមនឹងដៃម្ខាង ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល គឺបន្តអភិវឌ្ឍន៍ប្រទេសដោយមិនបង្អែរបង្អង់ឡើយ។

លោកថា “អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ឡើងវិញជូនជនរួមជាតិជ្រាបថា ទន្ទឹមនឹងដៃម្ខាងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល គឺបន្តអភិវឌ្ឍន៍ប្រទេសដោយមិនបង្អែរបង្អង់ឡើយ។ ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់នាឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៩ ដែលមានអត្ថន័យដូចតទៅ ៖ រាជរដ្ឋាភិបាលតែងតែចាត់ទុកការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយរបស់ខ្លួន ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទន្ទឹមនឹងការស្តារ និងការអភិវឌ្ឍប្រទេសជាតិ ពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្រេចបានជោគជ័យនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការដាក់ចេញ នូវកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំ គឺជាកត្តាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងអត្រាខ្ពស់ ជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ៕

To Top