Feature

បណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាពីវឌ្ឍនភាពការងារបង្កើតផ្លែតហ្វម ARDB Marketplace

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ធ្វើការពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពការងារបង្កើតផ្លេតហ្វម ARDB Marketplace។ កិច្ចប្រជុំនេះបានរៀបចំឡើង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB។

សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លែតហ្វមមួយសម្រាប់បង្កើតជាអន្តរការីទីផ្សារមួយជួយបន្ថយគម្លាតការផ្គត់ផ្គង់ និងតម្រូវការដោយភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់នៃផលិតផលកសិកម្មដើម្បីជួយរក្សាទីផ្សារ ការផ្គត់ផ្គង់ដោយចីរភាព និងស្ថិរភាពថ្លៃផលិតផលកសិកម្មក្នុងស្រុក។

នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្មនៃភាពជាអ្នកដឹកនាំ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងារបស់ធនាគារ ARDB រួមមាន៖ រៀបចំ និងកែប្រែប្រព័ន្ធល្អប្រសើរឱ្យមាន multi-currency, Real Time Settlement ទៅកាន់ merchant នៅពេលបញ្ចប់ការផ្ញើទំនិញ និងក្រុមការងារសម្រាប់ clearance and settlement សម្រាប់ទ្រទ្រង់ប្រតិបត្តិការផ្សារ ARDB ជាដើម។

មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ, លោកបណ្ឌិត កៅ ថាច ក៏បាន រំលេចនូវរបៀបរៀបចំផ្សារ ARDB ឱ្យមានភាពទាក់ទាញ និងទាន់សម័យស្របតាមវឌ្ឍនភាពបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ក្នុងនាមជាធនាគារគោលនយោបាយដែលទទួលនូវជំនឿទុកចិត្តខ្ពស់ពីសាធារណជន៕

To Top