សម្តេចធិបតី ៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផល ពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព
ភ្នំពេញ៖ សាម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានទទួលស្គាល់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងថែរក្សាសុខសន្តិភាព ។
ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ នាថ្ងៃទី១៦ នៅសណ្ឋាគារសុខា សៀមរាប។
ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ញកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងប្រជាពលរដ្ឋក្នុងសង្គម ដែលមានអរិយៈធម៌ខ្ពស់ ប្រកបដោយសិល្បធម៌ សមធម៌ និងបរិយាបន្ន ដោយក្នុងនោះស្ត្រីគឺជាស្នូល នៅក្នុងការអភិវឌ្ឍរបស់យើង ។
សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការវិនិយោគលើសមត្ថភាពយែនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យអប់រំ សេដ្ឋកិច្ច សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ ពីភាពយែនឌ័រ ការបង្ករលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិ ធ្វើការសម្រេចចិត្ត ក្នុងផែនការគ្រួសារ ដោយកាត់បន្ថយភាពងាយរងគ្រោះ អំពើហិង្សាទាក់ទងនឹងយែនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ។
ទទ្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “រាជរដ្ឋាភិបាល ក៏បានទទួលស្គាល់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផល ពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាង ថែរក្សាសុខសន្តិភាព ចាប់តាំងពីគ្រួសារ សហគមន៍ សង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ ។
ត្រង់ចំណុចនេះ សម្តេចធិបតី គូបញ្ជាក់ផងដែរថា កម្ពុជា ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សា សន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ចំនួន១០លើកមកហើយ ចាប់តាំង២០០៦ ដល់២០២៥ ក្នុងនោះកម្ពុជា បានបញ្ជូនកងកម្លាំងសរុបចំនួន ១០,៤៣៧នាក់ ដែលមានស្ត្រីក្លាហានចំនួន៩៩០នាក់៕









