Feature

សម្តេចធិបតី ៖ ការលើកកម្ពស់ស្ត្រី គឺជាការលើកកម្ពស់ជាតិ និងជាការពង្រឹងអនាគតរួមរបស់ពិភពលោក

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ នាថ្ងៃទី១៦ នៅសណ្ឋាគារសុខាសៀមរាប សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការលើកកម្ពស់ស្ត្រី គឺជាការលើកកម្ពស់ជាតិ និងជាការពង្រឹងអនាគតរួមរបស់ពិភពលោក ។

ក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តផ្តល់អទិភាពខ្ពស់ ដល់ការអភិវឌ្ឍមូលធនមនុស្ស ការអប់រំ ការលើកកម្ពសសុខមាភាព សុខភាពសង្គម ការបង្កើតឱកាស និងលើកកម្ពស់តួនាទីស្ត្រី និងយុវជន នៅក្នុងការអភិវឌ្ឍជាតិ ។

ជាងនេះទៅទៀត សម្តេចធិបតី ជឿជាក់ថា ក្មេងស្ត្រីម្នាក់ដែលទទួលបានការអប់រំល្អ មានសុវត្ថិភាព មានទំនុកចិត្តលើខ្លួនឯង មានឱកាសក្នុងការចូលរួមក្នុងសង្គម មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែអាចជួយផ្លាស់ប្តូរគ្រួសាររបស់គាត់ សហគមន៍របស់គាត់ និងប្រទេសជាតិរបស់គាត់ផងដែរ ។

ក្នុងនោះ សម្តេចធិបតី បានលើកឡើងថា ក្នុងបរិបទនេះ ចលនាកាយឬទ្ធិនារី មានតួនាទីសំខាន់​ណាស់ ។ កាយឬទ្ធិនារី មិនត្រឹមតែជាកម្មវិធី បង្ហាញសកម្មភាពរបស់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបណ្តុះបណ្តាលវិន័យ ភាពជាអ្នកដឹកនាំ ការចូលរួមស្ម័គ្រចិត្ត ការធ្វើការងារជាក្រុម ផ្នត់គំនិតនៃការទទួលខុសត្រូវ មានសេចក្តីក្លាហាន និងសេចក្តីមេត្តាក្នុងការបម្រើសង្គម​ ។ ចលនានេះ បានបង្ហាញថា ភាពជាអ្នកដឹកនាំ អាចចាប់ផ្តើមពីសកម្មភាពតូចៗ មានដូចជា ការជួយមិត្តភក្តិ ការគោរពវិន័យ​ ការបម្រើសហគមន៍ ការការពារបរិស្ថាន ការថែរក្សាអ្នកងាយរងគ្រោះ និងការរួមចំណែក ដើម្បីសុខដុមរមនាក្នុងសហគមន៍ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “កម្មភាពតូចៗទាំងនេះ ប្រសិនបើធ្វើដោយចិត្តស្មោះត្រង់ និងជាបន្តបន្ទាប់ ក៏អាចក្លាយជាកម្លាំងដ៏ធំមួយ សម្រាប់សង្គមទាំងមូល ។ ពីក្មេងស្រី ដែលចូលរួមបម្រើសកម្មដល់សង្គម រហូតដល់ស្ត្រីដែលឈានមុខ ក្នុងភាពជាអ្នកដឹកនាំ ការលើកកម្ពស់ស្ត្រី គឺជាការលើកកម្ពស់ជាតិ និងជាការពង្រឹងអនាគតរួមរបស់ពិភពលោក”។

បន្ថែមលើនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជា ចូលរួមចំណែកជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការបញ្ជាក់សារៈសំខាន់ថា ក្មេងស្រី និងយុវនារី មិនមែនជាអ្នកអង្គុយរងចាំអនាគតនោះទេ ហើយយើងក៏ចង់បញ្ជាក់ផងដែរថា ក្មេងស្រី និងយុវនារី គឺជាអ្នកចូលរួមកសាងអនាគតយ៉ាងសកម្ម ចាប់ពីថ្ងៃនេះតទៅ៕

To Top