Feature

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាអាកាសយានដ្ឋាន ដ៏ស្រស់ស្អាតបំផុត លើពិភពលោកឆ្នាំ២០២៦

ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានទទួលស្គាល់ក្នុងចំណោមអាកាសយានដ្ឋាន ដ៏ស្រស់ស្អាតបំផុត​លើពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ ក្នុងការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versaille ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចុះបញ្ជីរួមជាមួយគម្រោងអន្តរជាតិដ៏លេចធ្លោ ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន និងឥណ្ឌា ដោយបង្ហាញពីគុណភាពស្ថាបត្យកម្ម អត្តសញ្ញាណរចនាបថខ្មែរ និងការរួមបញ្ចូលវប្បធម៌ខ្មែរយ៉ាងសម្បូរបែប។

រាប់ចាប់តាំងពីឆ្នាំ២០១៥មក ជារៀងរាល់ឆ្នាំពានរង្វាន់ Prix Versailles មានការប្រកាសជ័យលាភី នៅស្នាក់ការអង្គការយូណេស្កូ ដើម្បីអបអរសាទរ គម្រោងដែលរួមបញ្ចូលគ្នា នូវឧត្តមភាពស្ថាបត្យកម្មជាមួយនឹងនវានុវត្តន៍ ភាពច្នៃប្រឌិត បេតិកភណ្ឌក្នុងស្រុក ប្រសិទ្ធភាពអេកូឡូស៊ី និងឥទ្ធិពលជាវិជ្ជមានចំពោះសង្គម។ ក្នុងការជ្រើសរើសប្រចាំឆ្នាំនេះ លោក Jérôme Gouadain អគ្គលេខាធិការនៃពានរង្វាន់ Prix Versailles បានកត់សម្គាល់ថា អាកាសយានដ្ឋានសម័យទំនើប «មិនអាចត្រូវបានពិពណ៌នាថា ជាទីកន្លែងសម្រាប់តែការផ្ទេរដំណើរ ទៅមកប៉ុណ្ណោះទៀតទេ» តែកំពុងក្លាយជា «និមិត្តរូបនៃសក្ដានុពលសេដ្ឋកិច្ច វប្បធម៌ និងសង្គម»។

ជ័យលាភីនៃការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versailles ក្នុងប្រភេទអាកាសយានដ្ឋានកាលពីឆ្នាំមុនៗ រួមមាន ស្ថានីយទី២ (Terminal 2) នៃអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី និងស្ថានីយ B (Terminal B) នៃអាកាសយានដ្ឋាន LaGuardia ក្នុងទីក្រុងញូវយ៉ក (New York)។ គណៈកម្មការវិនិច្ឆ័យក្នុងពេលកន្លងមកប្រមូលផ្តុំដោយបុគ្គលល្បីៗមកពីវិស័យស្ថាបត្យកម្ម ការរចនា វប្បធម៌ និងសិល្បៈ រួមមាន Emma Watson, Lang Lang និង Philippe Starck ផងដែរ។

ក្នុងនាមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ សំខាន់មួយរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) អាកាសយានដ្ឋានអន្តរជាតិតេជោ បានរួមផ្សំជំនាញរបស់ស្ថាបត្យករ អន្តរជាតិ​ ទៅនឹងអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌កម្ពុជា ទៅកាន់វេទិកាស្ថាបត្យកម្មពិភពលោក។

អាកាសយានដ្ឋាននេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន «Foster + Partners» ពីចក្រភពអង់គ្លេសដោយប្រើដំបូលធំទូលាយជា ពិសេស ដែលទទួលបានការបំផុសគំនិតពីផ្ការំដួល ជាផ្កាតំណាងជាតិកម្ពុជា។ មានដំបូលនេះលាតសន្ធឹងឡើងខ្ពស់​ ទៅកាន់ចំណុចកណ្ដាលនៃអគារ និងឆ្លុះបញ្ចាំងពីស្ថាបត្យកម្មព្រះបរមរាជវាំង និងប្រាសាទនានារបស់កម្ពុជា។ រចនាសម្ព័ន្ធអគារលម្អិតត្រូវបា នបំផុសគំនិតពីសិល្បៈតម្បាញខ្មែរ ជាមួយនឹងធាតុផ្សំផ្សេងទៀតដែលធ្វើឱ្យមើល ទៅដូចគ្រោងអគារត្បាញឡើងពីឫស្សី និងផ្តៅ។

វិធីសាស្រ្តរចនារបស់អាកាសយានដ្ឋាន រួមចំណែកជួយឱ្យមានពន្លឺ ខ្យល់ចេញចូលធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ភ្លើងបំភ្លឺសិប្បនិម្មិតនៅពេលថ្ងៃ។ រុក្ខជាតិបៃតងនៅពាសពេញតំបន់ស្ថានីយអ្នកដំណើរ ដោយមានដើមផ្ការំដួល និងរុក្ខជាតិបន្សុទ្ធខ្យល់ជាច្រើន ដុះលូតលាស់នៅទីតាំងដ៏ធំទូលាយ ក្នុងចន្លោះកណ្ដាលរបស់ស្ថានីយ។ការរួមបញ្ចូលគ្នានៃពន្លឺធម្មជាតិ រុក្ខជាតិបៃតង សម្ភារៈតុបតែងដែលផ្តល់អារម្មណ៍កក់ក្តៅ និងចម្លាក់បុរាណ សិល្បៈវប្បធម៌ខ្មែរបង្កើតបរិយាកាសស្ងប់ស្ងាត់ និងស្វាគមន៍អ្នកដំណើរគ្រប់រូប ដែលបានមកដល់ទីនេះ។

ការទទួលស្គាល់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ជំរុញការលេចមុខរបស់ប្រទេសកម្ពុជា នៅលើឆាកស្ថាបត្យកម្មអន្តរជាតិបន្ថែមទៀត ហើយក៏ជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលរួមចំណែកក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយ របស់ប្រទេសកម្ពុជា ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការតភ្ជាប់របស់ប្រទេសសម្រាប់អនាគត៕

To Top