ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើគណៈគ្រប់គ្រងមន្ទីរពេទ្យកូរ៉េ ក្នុងការផ្តល់ជំនួយបច្ចេកទេស ដល់វិស័យសុខាភិបាលនៅកម្ពុជា
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)បានស្នើគណៈគ្រប់គ្រងមន្ទីរពេទ្យកូរ៉េ ពិនិត្យលទ្ធភាពក្នុងការផ្តល់ ជំនួយបច្ចេកទេស ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ សមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជា។

ការស្នើរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យ Incheon Baek ជាគ្រឹះស្ថានសុខាភិបាលដ៏ល្បីមួយនៅកូរ៉េ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់ លោកវេជ្ជបណ្ឌិត Seungho Baek ប្រធានមន្ទីរពេទ្យ ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកពាក់ព័ន្ធ។
គោលបំណងចម្បង នៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីវឌ្ឍនភាពបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ បែបឌីជីថល (Digital Healthcare) និងស្តង់ដារនៃការថែទាំសុខភាពកម្រិតខ្ពស់របស់សាធារណរដ្ឋកូរ៉េ ដែលជាប្រទេសឈានមុខគេមួយលើសកលលោក ក្នុងវិស័យសុខាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យសុខាភិបាល និងការបង្កើតមន្ទីរពេទ្យស្តង់ដារអន្តរជាតិ គឺជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងន័យនេះ លោក ក៏បានស្នើទ្បើងដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយបច្ចេកទេស ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ តាមរយៈកម្មវិធីបណ្តុះបណ្តាលក្នុងទម្រង់ណាមួយ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូពេទ្យជំនាញនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជា។
ទស្សនកិច្ចនាឱកាសនេះ មិនត្រឹមតែបង្ហាញពីភាពប្រាកដប្រជា និងការយកចិត្តទុកដាក់កម្រិតខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញឧស្សាហកម្មទំនើប និង សេវាកម្មលំដាប់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងដ៏សំខាន់ ក្នុងការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នសុខាភិបាលឈានមុខរបស់កូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ផលប្រយោជន៍រវាងគ្នា និងលើកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើងជាលំដាប់៕









