Feature

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ក្រុមភ្លេងកាយរឹទិ្ធ មានអត្ថន័យលើសពីសិល្បៈតន្រ្តី ដែលជាវិធីសាស្រ្តអប់រំមួយដ៏មានប្រសិទ្ធភាព

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា ក្រុមភ្លេងកាយរឹទិ្ធ មានអត្ថន័យលើសពីសិល្បៈតន្រ្តី ដែលជាវិធីសាស្រ្តអប់រំមួយដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍបុគ្គលិក ការងារជាក្រុម ការគោរពវិន័យ ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ។

ការថ្លែងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងព្រឹត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាពនិងការអភិវឌ្ឍ» នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំ «ការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣» ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» យ៉ាងមហោឡារិកនាពេលនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានកាយរឹទិ្ធរាជធានី ខេត្ត និងប្រតិភូក្រុមភ្លេងកាយរឹទិ្ធទាំង ១៣រាជធានី ខេត្ត ដែលបានយកចិត្តទុកដាក់លើការហ្វឹកហាត់តូរ្យតន្រ្តី បច្ចេកទេសសម្តែង និងសិក្សាស្រាវជ្រាវផ្សេងៗអស់រយៈពេលជាច្រើនខែ កន្លងមកនេះ រហូតអាចកសាងសមត្ថភាពគ្រប់គ្រាន់ ចូលរួមការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣ នាពេលនេះ ដោយគូសបញ្ជាក់ថា «ក្រុមភ្លេងកាយរឹទិ្ធ មានអត្ថន័យលើសពីសិល្បៈតន្រ្តី ដែលជាវិធីសាស្រ្តអប់រំមួយដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍ បុគ្គលិកលក្ខណៈ ការងារជាក្រុម ការគោរពវិន័យ ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ»។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ចំនួន ២ចំណុច ដើម្បីឱ្យការអភិវឌ្ឍក្រុមភ្លេងកាយរឹទ្ធិមានប្រសិទ្ធភាព និងចីរភាព រួមមាន៖

១- ក្រុមប្រឹក្សាកាយរឹទិ្ធ រាជធានីខេត្ត សូមបន្តជួយកៀរគរមូលនិធិពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីបង្កើតក្រុមភ្លេងកាយរឹទិ្ធរាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍។

២-នាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធ បន្តកិច្ចសហការជាមួយកាយរឹទិ្ធរាជធានី ខេត្ត រៀបចំចងក្រងក្រុមគ្រូភ្លេងកាយរឹទិ្ធនៅថ្នាក់ជាតិ និងរាជធានី ខេត្ត តាមរយៈ ការប្រមូលចងក្រងក្មួយៗកាយរឹទិ្ធរៀមច្បង ដែលមានជំនាញតូរ្យតន្រ្តី និងភ្លេងព្យុហយាត្រាកាយរឹទិ្ធ ដើម្បីបន្តការងារស្ម័គ្រចិត្ត ជួយបង្វឹកដល់ក្រុមភ្លេងកាយរឹទិ្ធរាជធានី ខេត្ត ដែលបង្កើតថ្មីៗ។ តាមរយៈវិធីសាស្រ្តនេះ ដោយជឿជាក់ថា «យើងនឹងអាចដោះស្រាយបានបញ្ហាប្រឈមកង្វះគ្រូបង្វឹកក្រុមភ្លេងកាយរឹទិ្ធ នៅទូទាំងប្រទេស»៕

To Top