Feature

តំណាងកម្ពុជា នៅUN ៖ សន្តិភាព គឺមិនអាចខ្វះបាន សម្រាប់ការទទួលបានសិទ្ធិមនុស្សពេញលេញ

ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(UN)បានលើកឡើងថា សន្តិភាព គឺមិនអាចខ្វះបាន សម្រាប់ការទទួលបាន នូវសិទ្ធិមនុស្សពេញលេញ ។

ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃ១៦ មិថុនា បានថ្លែងបទអន្តរាគមន៍ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្នុងរបៀបវារៈទី២ ស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

ក្នុងបទអន្តរាគមន៍ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់សារជាថ្មីថា បរិបទពិភពលោកបច្ចុប្បន្នរំលឹកថា សន្តិភាព គឺមិនអាចខ្វះបានសម្រាប់ការ ទទួលបាននូវសិទ្ធិមនុស្សពេញលេញ និងបានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌ជាប្រវត្តិសាស្ត្រ ក្នុងអំឡុងជម្លោះប្រដាប់អាវុធ ដោយបានកត់សម្គាល់ថា ការបំផ្លិចបំផ្លាញទាំងនេះមានផលវិបាកដ៏ធំធេង និងយូរអង្វែង ចំពោះសហគមន៍ដែលរងផលប៉ះពាល់ និងមនុស្សជំនាន់ក្រោយៗ ៕

To Top