Feature

រដ្ឋមន្ត្រី​ ហេង សួរ ៖ TVET ជាឆ្អឹងខ្នង នៃការអភិវឌ្ឍកម្លាំងពលកម្ម និងជាយានជំរុញសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) គឺជា​ឆ្អឹងខ្នង​ដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងជា​យន្តការដែលជួយភ្ជាប់តម្រូវការទីផ្សារ​ការងារ ជាមួយកា​រផ្គត់ផ្គង់ធនធាន​មនុស្សឱ្យខិតទៅជិតគ្នាបានលឿន និងមានប្រសិទ្ធភាពបំផុត។

ថ្លែងក្នុងពិធីបិទទិវាជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេ​ស និងវិជ្ជា​ជីវៈ លើកទី៩ នៅមណ្ឌលសន្និបាត និងពិព័រ​ណ៍កោះពេជ្រ​ នាថ្ងៃទី១៦ ខែ​មិថុ​នា​នេះ​លោករដ្ឋមន្ត្រី បានមានប្រ​សាសន៍ថា​​៖ «TVET គឺជាឆ្អឹងខ្នង ហើយជាកន្លែងដែលរុញតម្រូវការ និងកា​រផ្គត់ផ្គង់ក​ម្លាំងពលកម្ម​ឱ្យខិត​ទៅ​ជិត​គ្នា​​លឿន​បំផុត។ ដូច្នេះ ការរួមគ្នា​ដើម្បីជំរុញផ្ស​ព្វផ្សាយ និងអ​ភិវឌ្ឍវិស័យ TVET គឺជាកាតព្វកិច្ច​មួយ​សម្រាប់​ប្រជាព​លរ​ដ្ឋ​ខ្មែរ​យើង​ទាំង​អស់​គ្នា​»។

លោកបញ្ជាក់ថា ការជំរុញការផ្សព្វផ្សាយ និងការអភិវឌ្ឍវិ​ស័យ TVET មិនមែនជាការទ​ទួលខុ​សត្រូវរបស់​រាជរដ្ឋា​ភិបាល ឬគ្រឹះស្ថា​ន​​បណ្តុះ​បណ្តា​ល​​តែប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលចង់ឃើញវិស័យឧស្សាហកម្ម សិប្បកម្ម និងសេ​វាកម្មក្នុង​ប្រ​ទេ​ស​មានកា​ររីកច​ម្រើន និងត​ភ្ជាប់​គ្នាកាន់​តែរឹ​ងមាំ។

បើតាមលោករដ្ឋមន្ត្រី នៅពេលដែលប្រទេសជាតិមានកម្លាំងពល​កម្មជំ​នាញគ្រប់គ្រាន់ នឹងជួយឱ្យវិស័យឧស្សាហកម្ម សិប្បកម្ម និងសេវា​កម្មមានភា​ពប្រទាក់ក្រ​ឡាគ្នាកាន់តែប្រសើរ បង្កើនផលិតភាព និងបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានចាត់ទុក TVET ថា​ ជាម​ធ្យោបាយដ៏សំខាន់ និងជាយានយន្តមួ​យដែលប្រជា​ពលរដ្ឋអាចពឹង​អាស្រ័យបាន ដើម្បីទទួលបា​នជំនាញវិជ្ជាជីវៈ ការងារសមរម្យ ប្រាក់ចំ​ណូលល្អប្រសើរ និងឱកាសកែលម្អជីវភាពរស់នៅប្រកបដោយចីរភាព៕

To Top