Feature

ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋម ដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»

ភ្នំពេញ ៖ ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការសង្គ្រោះបឋម» ជូនដល់គណៈកម្មាធិកា និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កង់ជើង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីពង្រឹងសមត្ថភាពដើម្បីឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ និងបង្កើនសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅតំបន់ លម្ហែបៃតង «ភ្នំខ្នងផ្សារ»។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក ហាវ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

កម្មវិធីនេះបានធ្វើការសម្របសម្រួលដោយ លោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រួមជាមួយមន្ត្រីជំនាញមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន ការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៃសហគមន៍មូលដ្ឋានជាច្រើននាក់។

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសង្រ្គោះបន្ទាន់ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ការឆ្លើយតបនឹងកំណើនទេសចរមកកម្សាន្តនៅភ្នំខ្នងផ្សារ ដែលមានការកើនឡើងខ្លាំង។ ក្រសួងបរិស្ថាន ចាំបាច់ត្រូវបំពាក់បំប៉នជំនាញសង្គ្រោះបឋម ដល់សហគមន៍ ដើម្បីរៀបចំខ្លួនដោះស្រាយរាល់ឧបទ្ទវហេតុនានា។

សូមបញ្ជាក់ថា បច្ចុប្បន្ន តំបន់លម្ហែបៃតង ភ្នំខ្នងផ្សារ ដែលស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដោយសារសក្តានុពលធម្មជាតិ ដ៏ទាក់ទាញបំផុតមួយ ដោយសារ ទេសភាពព្រៃភ្នំ វាលស្មៅ និងជីវៈចម្រុះដ៏សម្បូរបែប៕

To Top