សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី ខណៈ សម្ដេច បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។
តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៩ មិថុនា បានលើកឡើង ៤ចំណុច ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖
១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្ទ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។
៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។
ប៉ុនែ្តកម្ពុជាជំរុញអោយភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញអោយចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនអោយបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។
៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ៕
