រាជរដ្ឋាភិបាល ប្ដេជ្ញាការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិ យូណេស្កូកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងបញ្ជាក់ជាថ្មីនូវសុឆន្ទៈ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។
ការបញ្ជាក់របស់លោកស្រី ភឿង សកុណា នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមមហាសន្និបាតលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ក្នុងឱកាសនោះ លោក អគ្គនាយក ក៏បានបង្ហាញពីតួនាទី និងការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូ ការក្នុងការប្រើប្រាស់វប្បធម៌ និងបេតិកភណ្ឌវប្បធម៌ជាស្ពានសម្រាប់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការលើកកម្ពស់សន្តិភាព ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពតានតឹងនៅតំបន់ជាច្រើន។
កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ស្របតាមគោលការណ៍នៃអនុសញ្ញាឆ្នាំ២០០៣។
ក្នុងនោះដែរ លោកស្រីរដ្ឋមន្ដ្រី និងលោកអគ្គនាយក បានផ្លាស់ប្តូរយោបល់ អំពីការរៀបចំព្រឹត្តិការណ៍ អបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងអង្គការយូណេស្កូ ព្រមទាំងផែនការដំណើរទស្សនកិច្ច របស់លោកអគ្គនាយកមកកាន់កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសនិយាយភាសាបារាំង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងជាឱកាសដ៏សំខាន់ ក្នុងការរំលេចសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍កន្លងមក៕
