ក្រុមហ៊ុន GAZ Group របស់រុស្ស៊ី ចាប់អារម្មណ៍ និង ស្វែងរកឱកាសវិនិយោគ លេីវិស័យយានយន្តនៅកម្ពុជា
ភ្នំពេញ៖ តាមរយៈជំនួបផ្ទាល់របស់នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុនមួយនេះ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងរកឱកាសវិនិយោគ លើវិស័យយានយន្តនៅកម្ពុជា ខណៈសម្តេចធិបតីណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែម អំពីលទ្ធភាពក្នុងការវិនិយោគ លើការផលិតខ្សែច្រវាក់ផលិតកម្ម ( Supply Chain) ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ។
ក្នុងជំនួបនេះ លោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន នៅក្នុងប្រទេសរុស្ស៊ី និងនៅបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ព្រមទាំងបានបញ្ជាក់ថា ក្រុមហ៊ុន GAZ Group ជាក្រុមហ៊ុនដែលមានបទពិសោធន៍ប្រមាណ៩០ឆ្នាំ ក្នុងឧស្សាហកម្មយានយន្ត ដែលមានរោងចក្រចំនួន១៥ និងបាននាំចេញយានយន្ត ទៅកាន់ប្រទេសចំនួន៤៣ ព្រមទាំងមានតំណាងចែកចាញចំនួន២៤០។ ក្រុមហ៊ុនផលិតរថយន្តជាច្រើនម៉ូដែល ដូចជា រថយន្តពាណិជ្ជកម្ម, រថយន្តដឹកទំនិញខ្នាតមធ្យម, រថយន្តក្រុង, រថយន្តសង្គ្រោះបន្ទាន់ ជាដើម និងផលិតគ្រឿងបន្លាស់ផងដែរ។

លោកនាយកផ្នែកនាំចេញ លើកឡើងបន្ថែមថា ដោយសារបច្ចុប្បន្ន ក្រុមហ៊ុន GAZ Group បាននិងកំពុងធ្វើប្រតិបត្តិការអាជីវកម្ម ក្នុងតំបន់អាស៊ាន និងមើលឃើញសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយភាពធន់ ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងរកឱកាសវិនិយោគ លើវិស័យយានយន្តនៅកម្ពុជា។
ក្នុងឱកាសនេះ សម្តេចធិបតី ស្វាគមន៍ចំពោះក្រុមហ៊ុន ដែលចាប់អារម្មណ៍ និងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈសម្តេច បានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយ និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យ របស់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែម អំពីលទ្ធភាពក្នុងការវិនិយោគលេីការផលិតខ្សែច្រវាក់ផលិតកម្ម ( Supply Chain) សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន ដែលមានក្នុងតំបន់ តាមយុទ្ធសាស្រ្តបូកមួយ (Plus 1 Strategy) ផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុនបន្តពិភាក្សា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងរីកលូតលាស់ នៅកម្ពុជា៕
