សម្តេចតេជោ ៖ កម្ពុជា-បេឡារុស ត្រូវមានកិច្ចសហការបន្ថែម លើវិស័យការពារជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានិងបេឡារុសត្រូវតែមានកិច្ចសហការជាមួយគ្នាបន្ថែមទៀត ទៅលើវិស័យការពារជាតិ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយសម្តេចតេជោបានអនុញ្ញាតឱ្យលោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃ១៩ មិថុនាថា លោកទូតលើកឡើង ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរនៅមានសក្តានុពលត្រូវធ្វើជាមួយគ្នា ។ ក្នុងនោះ ឯកអគ្គរដ្ឋទូតបេឡារុស បានលើកឡើងថា ប្រទេសទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ ដោយក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ ប្រទេសទាំងពីរត្រូវតែជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង ។

សម្ដេចតេជោបានពេញចិត្ត ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតបេឡារុស ក្នុងការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគរវាងកម្ពុជា និងបេឡារុស។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងទៅនឹងវិស័យការពារជាតិ និងវិស័យនានាទៀត ដែលធ្វើយ៉ាងណាឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ៕







