ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាត្រៀមខ្លួនរៀបចំ “វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)” នៅក្នុងអំឡុងខែសីហាខាងមុខ ។

លោក កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយលោកស្រីបណ្ឌិត Genevieve House តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ រួមជាមួយនឹងតំណាងអង្គការ WHO ប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ “វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៩ ។

លោក កែវ ពិសិដ្ឋ មានប្រសាសន៍ថា ជំនួបពិភាក្សា ដើម្បីពិនិត្យមើលលើលទ្ធផលការងារ ដែលសម្រេចបាន និងពិភាក្សាដោះស្រាយបញ្ហា ដែលនៅសេសសល់មួយចំនួន ដើម្បីធានាថា ការរៀបចំវេទិកាអន្តរជាតិដ៏មានសារៈសំខាន់នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដារ និងទទួលបានជោគជ័យ ។

នៅពេលសភាកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ គឺជាការស្តែងឱ្យឃើញ ពីការទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សន្តិសុខសុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងសកលលោក៕


