DAP News
Feature

PLPTC ដាក់តាំងបង្ហាញស្នាដៃ បច្ចេកទេស ៥ប្រភេទ ក្នុងទិវា TVET Day លើកទី៩ បង្ហាញសមត្ថភាព និងនវានុវត្តន៍របស់សិស្ស-និស្សិត

ប៉ៃលិន៖ ស្នាដៃបច្ចេកទេសរបស់សិស្ស-និស្សិត ចំនួន ៥ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន (PLPTC) ដើម្បីបង្ហាញពីជំនាញអនុវត្ត សមត្ថភាពបច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់សិស្ស-និស្សិត ដែលបានសិក្សា និងអភិវឌ្ឍតាមជំនាញនីមួយៗ។

ស្នាដៃដែលត្រូវបានដាក់តាំងបង្ហាញរួមមាន ធុងសំរាមឆ្លាតវៃ ប្រព័ន្ធបញ្ជាម៉ូទ័រទៅមុខ-ឈប់-ត្រឡប់ក្រោយ រ៉ូបូតបាញ់ថ្នាំស្រូវប្រើថាមពលសូឡា សេវាកម្មសម្អាងកាយ និងការកែច្នៃបន្លែ-ផ្លែឈើ ដែលសុទ្ធសឹងជាស្នាដៃកើតចេញពីការសិក្សា ស្រាវជ្រាវ និងការអនុវត្តផ្ទាល់របស់សិស្ស-និស្សិត។

លោកស្រី យឿន ចាន់ឌី នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖«ស្នាដៃទាំងនេះបានបង្ហាញពីចំណេះដឹង ជំនាញ និងសមត្ថភាពអនុវត្តជាក់ស្ដែងរបស់សិស្ស-និស្សិត ដែលបានសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍គំនិតច្នៃប្រឌិតតាមជំនាញនីមួយៗ»។

លោកស្រីបានបន្តថា ការរៀបចំការ តាំងបង្ហាញស្នាដៃក្នុងឱកាសទិវា TVET Day មិនត្រឹមតែជាការបង្ហាញពីសមិទ្ធផល សិក្សារបស់សិស្ស-និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជំរុញការច្នៃប្រឌិត បង្កើនទំនុកចិត្តលើយុវជន និងផ្សារភ្ជាប់ការសិក្សា ជាមួយតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

ជាមួយគ្នានេះ លោកស្រី យឿន ចាន់ឌី ក៏បានអំពាវនាវដល់សិស្សានុសិស្ស យុវជន និងមាតាបិតា ឱ្យចាប់អារម្មណ៍លើការសិក្សាជំនាញ TVET ព្រោះជាការសិក្សាមានរយៈពេលខ្លី ផ្តល់ជំនាញពិត ងាយស្រួលទទួលបានការងារ ឬអាចបង្កើតមុខរបរដោយខ្លួនឯង។ លោកស្រីបានបញ្ជាក់ថា ការមានជំនាញយ៉ាងតិចមួយ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ បង្កើនផលិតភាពការងារ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»៕

To Top