Feature

ក្បាច់ថ្មី ! ផ្ញើរគ្រឿងញៀន តាមក្រុមហ៊ុនដឹកជញ្ជួន វិរៈប៊ុនថាំ ត្រូវសមត្ថកិច្ចប្រម៉ាញ់បាន៤នាក់

មណ្ឌលគិរី ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី សហការជាមួយអង្គភាពពាក់ព័ន្ធ បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២ករណីផ្សេងគ្នា នៅស្រុកកែវសីមា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតគ្រឿងញៀនជាង ៦២ក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំលោកវរៈសេនីយ៍ឯក ជា ចិត្រា ស្នងការដ្ឋានន គរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីលោកស៊ាវ ងីឈាន់។

ប្រភពថា ក្នុងករណីទី១ កម្លាំងជំនាញបានចុះបង្ក្រាបនៅចំណុចក្រុមហ៊ុនដឹកជញ្ជូនវីរៈ ប៊ុនថាំ សាខាស្រុកកែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់។ ក្រោយការត្រួតពិនិត្យ និងធ្វើតេស្តទឹកនោម បានរកឃើញថា ជនសង្ស័យទាំងអស់មានផ្ទុកសារធាតុញៀន។ សមត្ថកិច្ចដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ២កញ្ចប់ ទម្ងន់ជាង ៥០ក្រាម និងទូរស័ព្ទដៃ ៣គ្រឿង។

ដោយឡែក ករណីទី២ ក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងលួចកិនរ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់។ នៅពេលចុះដល់ទីតាំង ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចបានរកឃើញ និងដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ២កញ្ចប់ ទម្ងន់ជាង ១២ក្រាម ម៉ូតូ ២គ្រឿង ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សរុបក្នុងប្រតិបត្តិការទាំង ២ករណី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដកហូតគ្រឿងញៀនចំនួន ៤កញ្ចប់ សរុបទម្ងន់ ៦២.៦៤ក្រាម (ថ្លឹងទាំងសំបក) ទូរស័ព្ទដៃ ៤គ្រឿង និងម៉ូតូ ២គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈជនពាក់ព័ន្ធដែលបានរត់គេចខ្លួន កំពុងស្ថិតក្រោមការស្រាវជ្រាវតាមចាប់ខ្លួន ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top