ទូតឥណ្ឌាប្រចាំកម្ពុជា៖ យូហ្គាជាមាគ៌ាដែលអាចទុកចិត្តបាន ឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពរឹងមាំល្អ
ភ្នំពេញ៖ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយក្រសួង ទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍យូហ្គា ដើម្បីអបអរសាទរទិវាយូហ្គាអន្តរជាតិលើកទី១២ នៅឧទ្យានរាជឯករាជ្យ ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះ ដែលមានអ្នកចូលរួមជាង ៥០០នាក់ ដែលជាអ្នកហាត់យូហ្គា សិស្ស និស្សិត មន្ត្រីរដ្ឋាភិបាល និងសាធារណជន ជាពិសេសក្រោមអធិបតីភាពលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃក្រសួងសំខាន់ៗរបស់រដ្ឋាភិបាល។

នៅក្នុងសុន្ទរកថារបស់លោកក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រធានបទ -យូហ្គាដើម្បីអាយុយ៉ឺនយុរ។
លោកលើកឡើងអំពី ប្រវត្តិយោហ្គា ដែលមានដើមកំណើតចេញពីប្រទេសឥណ្ឌា ដែលមានអាយុកាលតាំងពីសម័យបុរាណ ហើយត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ព្រោះវាជាមាគ៌ាដែលអាចទុកចិត្តបាន ឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពរឹងមាំល្អ។

ឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ការប្រារព្ធព្រឹត្តិការណ៍សំខាន់ៗបែបនេះ នៅក្នុងបេះដូងនៃខេត្តសៀមរាប ដែលជាទីក្រុងដែលត្រូវបានគេស្គាល់ថាមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវប្បធម៌ និងអរិយធម៌យូរអង្វែងរវាងប្រទេសឥណ្ឌា និងកម្ពុជា។

លោកទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងឥស្សរជនមកពីបណ្តាក្រសួង និងអង្គការរដ្ឋាភិបាលនានា ចំពោះការគាំទ្រ និងការសាទរ ជាបន្តបន្ទាប់ ក្នុងការប្រារព្ធទិវាយូហ្គាអន្តរជាតិនៅកម្ពុជា។
មុននឹង ព្រឹត្តិការណ៍នៅថ្ងៃនេះ យើងក៏មានរៀបចំនៅព្រឹត្តិការណ៍យូហ្គាចំនួន ១២ នៅទីតាំងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីអបអរសាទរទិវាយូហ្គាអន្តរជាតិលើកទី ១២។ ព្រឹត្តិការណ៍ទាំងនេះធ្វើឡើងក្រោមប្រធានបទ «យូហ្គាដើម្បីអាយុយ៉ឺនយូរ » ហើយត្រូវបានធ្វើឡើងក្នុងរយៈពេលពីខែមេសាដល់ខែមិថុនា ឆ្នាំ ២០២៦ ដោយសហការជាមួយក្រសួង និងអង្គការរដ្ឋាភិបាលផ្សេងៗ សាកលវិទ្យាល័យ និងអ្នកចូលចិត្តយូហ្គានៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ទាំងនេះបានផ្តល់ឱកាសដល់អ្នកចូលរួមយូហ្គាជាច្រើនចូលរួមក្នុងការប្រារព្ធទិវាយូហ្គាអន្តរជាតិលើកទី ១២ នៅកម្ពុជា និងបានបង្កើនអ្នកហាត់យូហ្គានៅក្នុងប្រទេស៕
