Feature

ក្រសួងបរិស្ថាន សម្រេចជ្រើសរើសសហគមន៍ តំបន់ការពារធម្មជាតិ នៅខេត្តពោធី៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស

ភ្នំពេញ ៖ សហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ និងក្លាយជាម្ចាស់គម្រោងដាំស្មៅយក្សគំរូ ដំបូងគេ ដែលមានប្រយោជន៍សំខាន់ មិនត្រឹមតែចូលរួមចំណែក ទប់ស្កាត់ការកាប់ព្រៃឈើ និងថែមទាំងជួយលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងនឹងការជំរុញភាពបៃតងនៅកម្ពុជានេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីកម្ពុជាបៃតង» នៅបរិវេណផ្លូវចូលបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងលោកស្រី ខាន់ ខៀវ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋនគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើននាក់។
 
លោករដ្ឋមន្រ្តីបានថ្លែងថា ការដាំស្មៅយក្ស បង្កើតប្រភពចំណូលបន្ថែម ប្រើប្រាស់ជាប្រភពថាមពលជំនួសដ៏មានប្រសិទ្ធភាព ដែលជួយបញ្ឈប់ការចូល កាប់ឈើធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាអុស និងធ្យូង។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើ ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការអភិវឌ្ឍ នៅតាមមូលដ្ឋាន ដើម្បីបង្កើនចំណូល ហើយក៏ជាការរួមចំណែកសំខាន់ដល់ការអភិរក្សព្រៃឈើផងដែរ។
 
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបន្តពង្រឹងសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់និងប្រជាពលរដ្ឋ អនុវត្តច្បាប់តឹងរឹង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ត្រីជំនាញស្រាវជ្រាវរកមុខសញ្ញា និងព្រមានចាត់វិធានការច្បាប់ដ៏តឹងរ៉ឹងទៅតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ចំពោះបទល្មើសធនធានធម្មជាតិ៕

To Top