DAP News
Feature

ក្រសួងមហាផ្ទៃ អំពាវនាវពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោក​ ឧក្រិដ្ឋជនឆបោកតាមអនឡាញ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោក ក្រុមឧក្រិដ្ឋជនឆបោក តាមអនឡាញ ដែលនាំឱ្យខាតបង់ប្រាក់កាស ខណៈក្នុងឆ្នាំមួយៗ នៅទូទាំងពិភពលោក រួមនឹងកម្ពុជា បានរងការខាតបង់ប្រាក់ យ៉ាងច្រើនដោយការឆបោកតាមអនឡាញនេះ ។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អំពាវនាវបែបនេះ ក្នុងពិធីសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅរោងភាពយន្ត Sabay Cinema សាលធំ (Hall Screen X) ក្នុងផ្សារទំនើបអ៊ីអនមានជ័យ។

លោករដ្ឋលេខាធិការ មានប្រសាសន៍ថា ស្របពេលបច្ចេកវិទ្យារីកចម្រើនដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់មនុស្ស ប៉ុន្តែវាក៏ផ្តល់នូវបញ្ហាប្រឈមផងដែរ គឺការកើតឡើងនូវការឆបោកតាមអនឡាញ ដែលជនឱកាសនិយម និងឧក្រិដ្ឋជនបានប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការប្រព្រឹត្តិបទល្មើសនានា ជាច្រើនទម្រង់ ដើម្បីឆបោកប្រាក់។

លោក មានប្រសាសន៍ថា «ការប្រើប្រាស់បច្ចេកវិទ្យានេះឧក្រិដ្ឋជនភាគច្រើនគឺប្រើប្រាស់នូវថ្នាលអនឡាញ ធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ»។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែបង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ទំនុកចិត្តឌីជីថល ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល ព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគោលដៅអាទិភាព នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៕

To Top